ព័ត៌មានជាតិ

ខឹងខុសខឹងខាត! ស្ត្រីម្នាក់ ឈ្លោះជាមួយប្តីស្រវឹងស្រាទាញកំណាត់ឈើវាយ បណ្តាលឲ្យស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

ព្រៃវែងៈ លោកអធិការស្រុកកំពង់ត្របែក បានប្រាប់Post News ថា មានករណីឃាតកម្មមួយបានកើតឡើង ដោយស្ត្រីម្នាក់ បានយកកំណាត់ឈើវាយទៅលើប្តីដែលមានអាការៈស្រវឹងស្រា បណ្តាលឲ្យស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ចំណុចផ្ទះរបស់ឈ្មោះឡឹក ទិត្យ ភេទប្រុស​ អាយុ​៤៨ឆ្នាំ ស្នាក់នៅភូមិព្រៃគុយ ឃុំគោខ្ចក ស្រុកកំពង់ត្របែក។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជាជនបង្កមានឈ្មោះឡឹក គីម ភេទស្រី អាយុ៥០ឆ្នាំ ​បានឈ្លោះប្រកែកគ្នា ជាមួយប្ដីរបស់ខ្លួនឈ្មោះឡឹក ទិត្យ​ពេលនោះស្ត្រីជាប្រពន្ធ បានយកកំណាត់ឈើវាយទៅលើប្តី បណ្ដាលមានស្នាមរបួសចំនួន២កន្លែង ចំត្រចៀកខាងឆ្វេងនិងក្រោមចង្ការ​ខាងឆ្វេងរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាល​នៅមន្ទីរពេទ្យ​បង្អែកស្រុកកំពង់ត្របែក លុះដល់ម៉ោង១និង៤៥នាទីយប់ ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ក៏បានស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកតែម្តង។

បច្ចុប្បន្នស្ត្រីជាជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកសាកសួរនៅប៉ុស្តិ៍គោខ្ចកនិងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់