ព័ត៌មានជាតិ

រន្ធត់ណាស់! ជិះម៉ូតូលឿនទាក់ដៃចង្កូត ជ្រុលបុករថយន្តកុងតឺន័រ កិនអូសទៅមុខច្រើនម៉ែត្រ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ: រន្ធត់ណាស់យុវជនម្នាក់ ត្រូវរថយន្តកុងតឺន័រកិនអូសទៅមុខជាច្រើនម៉ែត្រ និងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌ្រីមសង់ឌុបគ្នា តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងល្បឿនលឿនទាក់ដៃចង្កូតចូលក្រោមរថយន្តកុងតឺន័រកិនអូសទៅមុខ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចជាប់និងសាលារៀនអូដឹម ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមាន ឈ្មោះ សឿង វណ្ណ: ភេទប្រុស អាយុជាង ២៨ឆ្នាំ មានស្រុកកំណើតរស់នៅភូមិព្រែកជីក ឃុំដំណាក់រុន ស្រុកមោងឬស្សី ខេត្តបាត់ដំបង បច្ចុប្បន្ន ស្នាក់នៅម្ដុំផ្សារពោធិ៍ចិនតុង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលហេតុគេបានឃើញយុវជន ២នាក់ ជិះម៉ូតូម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1N-9743 ជិះឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ ក៏បានទាក់ដៃចង្កូតគ្នាជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខពេញទំហឹង បណ្ដាលឲ្យដួលចូលក្រោមរថយន្តកុងតឺន័រអូសទៅមុខជាច្រើនម៉ែត្រ ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកអ្នករួមដំណើរម្នាក់ទៀត គ្រាន់តែរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ហើយភ្លាមៗ នោះដែរ រថយន្តកុងតឺន័រ ក៏បានបន្តល្បឿនទៅមុខរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីទំនាក់ទំនងក្រុមគ្រួសារឲ្យមកទទួលយក រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់