ភ្នំពេញៈ ក្រោយការចោទប្រកាន់របស់តុលាការទៅលើអតីតមិត្តប្រុសរបស់កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា ពីបទបង្ហោះរូបអាក្រាត តារាចម្រៀងរូបនេះ បានបង្ហោះសារនៅលើហ្វេសប៊ុកភ្លាមៗថា ខ្លួនកំពុងមើលឃើញពីពន្លឺនៃយុត្តិធម៌។ ជាមួយគ្នានោះ នាងក៏ប្រកាសថា រង់ចាំមើលចំណាត់ការរបស់តុលាការ នៅបន្ទាប់ពីការចេញសេចក្ដីសម្រេចចោទប្រកាន់ជាផ្លូវការទៅលើលោក គុយ សិទ្ធិស័ក្តិ ជាអតីតគូស្នេហ៍នោះផងដែរ។
កញ្ញា វ៉ាន់ នីឡា បានថ្លែងប្រាប់ Post News បើទោះជាតុលាការបានចោទប្រកាន់ដោយចំហរទៅលើឈ្មោះ គុយ សិទ្ធិស័ក្តិ ដែលត្រូវបាននាងដាក់ក្នុងបណ្ដឹងថា មានការពាក់ព័ន្ធនឹងការបង្ហោះរូបអាក្រាតតាមការចង់បាន ក៏តារាស្រីរូបនេះយល់ថា យុត្តិធម៌ ដែលនាងត្រូវការនៅមិនទាន់ប្រាកដ ថាអ្វីដែលនាងចង់បាននឹងក្លាយជាការពិតនៅឡើយទេ។ នាងថា នឹងឃ្លាំមើលឲ្យពេញទំហឹងជុំវិញចំណាត់ការរបស់តុលាការ ដោយមិនទុកឲ្យបណ្ដឹងដែលនាងដាក់ប្ដឹងទទួលផលអវិជ្ជមាន និងក្លាយជារឿងស្ងប់ស្ងាត់ទៅវិញនោះឡើយ។
នាងនិយាយថា «ខ្ញុំយល់ថា ពេលនេះពន្លឺនៃយុត្តិធម៌គឺមានហើយ តែយើងអត់ដឹងថាមិចទេ ច្នឹងខ្ញុំត្រូវបន្តឃ្លាំមើលពីចំណាត់ការនេះទៀត ដើម្បីប្រាកដថាអ្វីដែលខ្ញុំចង់បានវាសមស្របកម្រិតណា!»។
វ៉ាន់ នីឡា បន្តថា លោក គុយ សិទ្ធិស័ក្តិ ពាក់ស័ក្ដ៤កន្លះ និងជាកូនមន្ត្រីធំ គឺជាបុគ្គលតែម្នាក់គត់ ដែលពាក់ព័ន្ធនឹងរឿងបង្ហោះរូបអាក្រាតរបស់នាង អញ្ចឹងហើយ ទើបនាងដាច់ខាត ត្រូវតែធ្វើការតាមដានឲ្យបានដាច់ខាតពីចំណាត់ការរបស់តុលាការ ជុំវិញលទ្ធផលការទទួលបាននូវយុត្តិធម៌របស់ខ្លួន។
យ៉ាងណាមិញ នាងបដិសេធមិនទាន់បង្ហើបឲ្យដឹងថា តើតុលាការត្រូវកាត់ទោសអតីតសង្សារបែបណា ទើបនាងសុខចិត្តនោះឡើយ ដោយនាងគ្រាន់តែបញ្ជាក់ថា រង់ចាំមើលតុលាការចេញសេចក្ដីសម្រេចណាមួយសិន ទើបនាងដឹងថាជាអ្វីដែលសមទទួល ឬមិនទទួល។
គួរជម្រាបថា អតីតមិត្តប្រុសរបស់នាង វ៉ាន់ នីឡា តារាចម្រៀងប្រចាំផលិតកម្ម Phleng Records ត្រូវបានតុលាការសម្រេចចោទប្រកាន់ជាផ្លូវការចំនួន២បទល្មើស រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ខាំ សុផារី ដើម្បីចាត់ការបន្តតាមនីតិវិធី ក្រោមរូបភាពជនត្រូវចោទនៅក្រៅឃុំ។
ប្រភពព័ត៌មានច្បាស់ការឲ្យដឹងថា តុលាការសម្រេចចោទប្រកាន់ឈ្មោះ គុយ សិទ្ធិស័ក្កិ ភេទប្រុស អាយុ២៦ឆ្នាំ តួនាទីជាមន្ត្រីនគរបាល មានឋានន្តរស័ក្ដិថ្នាក់វរសេនីយ៍ទោ(ស័ក្កិ៤កន្លះ) បម្រើការងារនៅក្នុងក្រសួងមហាផ្ទៃ ក្រោមការចោទប្រកាន់ពីបទ បង្ហោះរូបភាពអាសអាភាស និងអំពើហិង្សាដោយចេតនា។ លោក គុយ សិទ្ធិស័ក្កិ ត្រូវជាកូនប្រុសរបស់លោក គុយ ប៊ុនសន ជាមន្ត្រីនគរបាលពាក់ផ្កាយបី និងជាអតីតអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធាគារ ក្រសួងមហាផ្ទៃ៕
មតិយោបល់