ព័ត៌មានជាតិ

ទឹកស្ទឹងហក់ឡើងខ្លាំងលិចផ្ទះពលរដ្ឋ, ប៉ុស្តិ៍នគរបាល, សាលារដ្ឋបាលសង្កាត់ស្ពានថ្ម និងទីវត្តអារាម

ភ្នំពេញៈ នៅវេលាម៉ោង០៦ និង២៦នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ គ្រោះទឹកជំនន់តាមដងស្ទឹងហក់ឡើងខ្លាំង បណ្តាលឲ្យជន់លិច ផ្ទះបងប្អូនប្រជាពលរដ្ឋ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ពានថ្ម សាលារដ្ឋបាលសង្កាត់ស្ពានថ្ម និងទីវត្តអារាម ទីតាំងស្ថិតនៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីគ្រោះទឹកជំនន់ខាងលើនេះ តាមរយៈភ្នាក់ងារអង្គភាពសារព័ត៌មាន Post News យើងខ្ញុំបានចុះទៅផ្តិតយកទិដ្ឋភាពជាក់ស្តែង និងធ្វើបទសម្ភាសន៍ សាកសួរព័ត៌មានបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅទីកន្លែងនោះ បានរាយការណ៍ប្រាប់ឲ្យដឹងដូច្នេះថា ករណី គ្រោះទឹកជំនន់នេះ កាលពីម្សិលមិញនៅម្តុំស្ពានថ្មវត្តហា ក្នុងភូមិហា ទឹកតាមដងស្ទឹងឡើងដែរ ប៉ុន្តែមិនសូវជាឡើងខ្លាំងដូចថ្ងៃនេះទេ ។

ចំពោះទឹកស្ទឹងហក់ឡើងខ្លាំងលឿនដូចនេះ បណ្តាលឲ្យជន់លិចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ពានថ្ម សាលារដ្ឋបាលសង្កាត់ស្ពានថ្ម និងទីវត្តអារាម (វត្តចម្ការខ្សាច់) ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ជួបផលលំបាកយ៉ាងខ្លាំង ក្នុងការរស់នៅប្រកបមុខរបររកស៊ី ប្រចាំថ្ងៃដើម្បីចិញ្ចឹមជីវិត ព្រមទាំងរងការខូចខាតផលដំណាំផ្សេងៗដទៃទៀតផងដែរ ។ ករណីគ្រោះទឹកជំនន់ខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីសុវត្ថិភាព និងថែទាំសុខភាពឲ្យបានល្អ ។

ក្រុមការងារអង្គភាពសារព័ត៌មាន Post Nesw យើងខ្ញុំតែងតែចុះទៅយកព័ត៌មានទាន់ហេតុការណ៍ នៅគ្រប់ទីកន្លែងដែលកើតមានបញ្ហា ចុះផ្សព្វផ្សាយដំណឹងឲ្យបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានឲ្យបានដឹងទូលំទូលាយ ដើម្បីបង្ការនិងប្រុងប្រយ័ត្ន ចំពោះហានិភ័យណាមួយបានកើតឡើង ។ អង្គភាពសារព័ត៌មាន Post Nesw ជាអង្គភាពសារព័ត៌មានមួយ បានចុះផ្សាយតែដំណឹងពិតតែប៉ុណ្ណោះ ដែលលោកអ្នកជឿនិងទុកចិត្តជាទីបំផុត ៕

មតិយោបល់