ព័ត៌មានជាតិ

ម៉ូតូបើកលឿនបុករថយន្តផ្ទុកទំនិញ បើកចេញពីផែ កិនស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាល

កណ្ដាលៈ ថ្ងៃច័ន្ទ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៤និង៥៥នាទី
លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ២៨-២៩ ស្ថិតក្នុងភូមិ ទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល ។

សភាព នៃរឿងហេតុ៖ នៅវេលាថ្ងៃខែឆ្នាំកើតហេតុខាងលើ មានរថយន្ត ០១គ្រឿង ម៉ាក SUPER GREAT ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PSHN -0594 សណ្តោងរ៉ឺម៉ក ពណ៌បៃតង ពាក់ស្លាកលេខ ព្រះ/ហនុ 4A-3579 បើកបរចេញពីផែ ផ្ទុកទំនិញ ក្នុងទិសដៅ ពីកើតទៅលិច(អ្នកបើកបររត់គេចខ្លួន) ។ លុះពេលបើកបរ ចេញមកដល់លើទ្រូងផ្លូវ ស្របពេលនោះ ក៏មានម៉ូតូ០១គ្រឿង ម៉ាក HONDA DREAM ធុន C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AT-0142 បើកបរក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង បណ្តាលឲ្យម៉ូតូបុក រថយន្តពេញទំហឹង ហើយកិន អ្នករួមដំណើរស្លាប់ភ្លាមនៅកន្លែងកើតហេតុតែម្តង ចំណែកអ្នកបើកបរ រងរបួសស្រាល ។

ជនរងគ្រោះឈ្មោះ ភូ យ៉ាំងក ភេទប្រុស អាយុ ២៦ឆ្នាំ (ស្លាប់) មានទីលំនៅ ភូមិរកាកោង១ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល (ពាក់មួកសុវត្ថិភាព )។ អ្នកបើកបរឈ្មោះ ង្វៀង យ៉ាំងភី ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិឃុំស្រុកជាមួយគ្នា (របួសស្រាល-ពាក់មួកសុវត្ថិភាព)។

ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញ បានចុះដល់ទីតាំង និងបានធ្វើកំណត់ហេតុ ប្រគល់សពទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី
ចំណែកវត្ថុតាង បានយកមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលដើម្បីបន្តនីតិវិធី៕

មតិយោបល់