ភ្នំពេញៈ បើយោងតាមដីកាកោះហៅ លើកទី២ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ របស់លោក សេង លាង ចៅក្រម ស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានតម្រូវលោក ស្រី ប៊ូ រចនា ជាភរិយារបស់លោក បណ្ឌិត កែម ឡី ចូលខ្លួនបំភ្លឺក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី នៅ រសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៦ខាងមុខ។
សូមបញ្ជាក់ថា ខណៈដែលតុលាការចេញដីកាកោះហៅជាលើកទី២នេះ លោកស្រី ប៊ូ រចនា ភរិយារបស់លោក កែម ឡី កំពុងសម្រាកសម្រាលកូន នៅមន្ទីរពេទ្យនាក្រៅប្រទេស កាលពីល្ងាចថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០១៦នេះ។ ការចាកចេញទៅសម្រាលកូននៅក្រៅប្រទេសនេះ គឺមានរយៈពេលជិត៣ខែក្រោយ មរណភាពរបស់ស្វាមីលោកស្រី។
គួរជម្រាបផងដែរថា ជនត្រូវចោទឈ្មោះ ជួប សំលាប់ ត្រូវបានលោក សេង លាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន និងបទ កាន់កាប់អាវុធគ្មានការអនុញ្ញាត យោងតាមមាត្រា២០០ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។
គួររំឭកថា ជនត្រូវចោទឈ្មោះ ជួប សំលាប់ ភេទប្រុស អាយុ៣៨ឆ្នាំ បានបាញ់សម្លាប់ជនរងគ្រោះឈ្មោះ កែម ឡី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរប្រធានអង្គការអភិវឌ្ឍន៍សង្គម មានទីលំនៅផ្ទះលេខ០៨E0 ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅក្នុងស្តារម៉ាត របស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ កាលពីវេលាម៉ោង៨និង៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕
មតិយោបល់