ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង ចាប់ខ្លួនជនសង្ស័យម្នាក់តាមដីកា ពាក់ព័ន្ធករណីហិង្សាដោយចេតនា

បាត់ដំបង: ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយអនុវត្តន៍ តាមការណែនាំ បញ្ជាផ្ទាល់ពីឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០២១ វេលាម៉ោង០៧និង៣២នាទី នៅចំណុចផ្ទះសំណាក់ ឡឺ វែល ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការ អនុវត្តន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៦៨ ត.ព្រ ចុះថ្ងែទី១២ ខែតុលា ឆ្នាំ២០២១ របស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ដែលបានបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ា ចិន្ត្រា ( ចិត្រា ) ហៅ ម៉ៅ ភេទប្រុស អាយុ១៨ ឆ្នាំ មានទីលំនៅ សព្វថ្ងៃផ្ទះលេខ ២៥១ ក្រុមទី០៩ ភូមិព្រែកតាច្រែង ឃុំ ព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ដែលជាប់ចោទពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌដែលបានប្រព្រឹត្តនៅចំណុច លើសួនច្បារដែល ស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ។

បច្ចុប្បន្ន ការិយាល័យ ជំនាញកំពុង តែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់