ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យមួយចំនួន ដែលចូលផ្ទះប្រជាពលរដ្ឋបន្លំលួចប្រាក់ នៅខេត្តព្រះសីហនុ

ព្រះសីហនុ: នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជា ពីសំណាក់ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នគរបាលជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ជាបន្តបន្ទាប់ ក្រោយពីមានគណនីហ្វេសប៊ុកមួយឈ្មោះ លី ឈូន បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ថា មានបុរសជនជាតិខ្មែរ ០២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IY-1459 បានបន្លំចូលផ្ទះប្រជាពលរដ្ឋ និងលួចប្រាក់អស់មួយចំនួន រួចជិះម៉ូតូគេចខ្លួនបាត់ ។ បន្ទាប់ពីទទួលបានដំណឹងភ្លាម លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ១និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នគរបាលជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួនម្នាក់ ភេទប្រុស ជនជាតិខ្មែរ បន្ទាប់មក ក៏ឃាត់ខ្លួនបានបក្ខពួកជនសង្ស័យ ចំនួន ២នាក់ទៀត ជាបន្តបន្ទាប់ ។

ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងបន្តនីតិវិធី ៕

មតិយោបល់