ព័ត៌មានជាតិ

បុរសម្នាក់ហូបត្រីកំពត បណ្ដាលឲ្យពុលស្លាប់ នៅស្រុកមុខកំពូល

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ មានករណីហូបត្រីកំពតពុលបណ្ដាលឲ្យស្លាប់វចំណុចក្នុងរោងស្នាក់នៅសម្រាប់ធ្វើនេសាទលើទំនប់តាគៀត ភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះ(ស្លាប់)ឈ្មោះថោង បឿន ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរនេសាទ ទីលំនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។

វត្ថុតាងចាប់យក៖ ត្រីកំពតចម្អិនរួច ចំនួន ២២ក្បាល។

កន្លងមកនៅឆ្នាំ២០១៩ ជនរងគ្រោះបាននាំប្រពន្ធកូន ទៅធ្វើរោងស្នាក់នៅបណ្ដោះអាសន្ននៅកន្លែងកើតហេតុ ដើម្បីងាយស្រួលក្នុងការធ្វើនេសាទត្រី។
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២និង១៧នាទីរំលងអាធ្រាត្រ ជនរងគ្រោះ និងកូនស្រីឈ្មោះ ខុន ធាវី អាយុ ១២ឆ្នាំ បានចេញពីរោង កន្លែងស្នាក់នៅទៅលើកស្បៃដាក់ត្រី រហូតដល់ម៉ោង ៤និង០០នាទី ទើបត្រឡប់មកវិញ ដោយបាន កូនត្រី កំពឹស អន្ទង់ ក្ដាមនិងត្រីកំពត ។ បន្ទាប់មកខ្លួនក៏បានយកកូនត្រី កំពឹសអន្ទង់ និងក្ដាមទៅលក់នៅផ្សារក្រមួន ឃុំព្រែកដំបង ស្រុកមុខកំពូល។ ចំណែកត្រីកំពតបានទុកនៅក្នុងរោងកន្លែងកើតហេតុ។ លុះដល់ម៉ោង ៨និង១៥នាទី ខ្លួនក៏បានត្រឡប់ទៅដល់រោងកន្លែងស្នាក់នៅវិញហើយ បានឃើញជនរងគ្រោះកំពុងតែជូតម៉ាស៊ីនបូមទឹក ពេលនោះខ្លួនបានសួរទៅជនរងគ្រោះថា ឯងថ្ងៃនេះដូចជាឧស្សាហ៍ណាស់មានពេលជូតម៉ាស៊ីនទៀត ហើយជនរងគ្រោះបានតបវិញថា ធ្វើឲ្យស្អាតឲ្យហើយរួចនិយាយបន្តទៀតថា ពេលនេះខ្ញុំដូចជាឆ្អែតខ្លាំងណាស់ ពេលនោះខ្លួនក៏បានសួរទៅជនរងគ្រោះថា ឯងបានអីហូបបានជាឆ្អែតខ្លាំងយ៉ាងនេះ ជនរងគ្រោះឆ្លើយថា ខ្ញុំបានស្ងោរត្រីកំពតហូប។ លុះដល់ម៉ោង ១០និង០០នាទីព្រឹក ជនរងគ្រោះមានអាការ:វិលមុខ រឹងអណ្ដាតនិយាយមិនចង់រួចហើយបានប្រើឱ្យខ្លួនកោសខ្យល់ឱ្យ បន្ទាប់ពីកោសខ្យល់រួច ជនរងគ្រោះមិនមានសភាពធូរស្បើយឡើយគឺមានអាការ:កាន់តែធ្ងន់ ហើយបានក្អួតឡើងបែកពពុះមាត់ ឃើញដូច្នេះខ្លួនក៏បានយកទឹកឃ្មុំឲ្យជនរងគ្រោះផឹក ប៉ុន្តែមិនមានធូរស្បើយឡើយ ហើយក៏បានតេទូរស័ព្ទហៅកូនឈ្មោះ ខុន រ៉ាវុធ ឱ្យមកជួយដឹកជនរងគ្រោះទៅពេទ្យ។ នៅពេលកូនប្រុសឈ្មោះ ខុន រ៉ាវុធ បានយកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែក រការកោងនៅ ពេលទៅដល់គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ហើយខ្លួននិងកូនប្រុសឈ្មោះ ខុន រ៉ាវុធ បានដឹកជនរងគ្រោះមកធ្វើបុណ្យនៅភូមិវត្តចាស់ ឃុំព្រែកដំបង ជាផ្ទះកូនរបស់ជនរងគ្រោះ រួចក៏រាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃកដំបង។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងផ្នែកជំនាញបានសហការជាមួយប៉ុស្តិ៍នគរបាលព្រែកដំបង ប៉ុស្តិ៍នគរបាលស្វាយអំពារ ក្រុមប្រឹក្សាឃុំព្រែកដំបង និងគ្រូពេទ្យ ឃុំព្រែកដំបង ចុះទៅពិនិត្យសពជនរងគ្រោះឃើញថា
. មានបែកពពុះមាត់តិចៗ ចេញតាមមាត់
. មានស្នាមស្រុងឈាមជាំខ្មៅ នៅខ្នង។

តាមការសន្និដ្ឋានរបស់ផ្នែកជំនាញ និងគ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារពុលត្រីកំពត។

បច្ចុប្បន្ន​សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់