ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តលឿនបំពានស្តុប ជ្រុលបុកហាយឡែនឌ័រពេញទំហឹង បណ្តាលឲ្យស្រ្តីម្នាក់របួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តតាកូម៉ាមួយគ្រឿង បំពានស្តុបក្នុងល្បឿនលឿន ជ្រុលចង្កូតបុករថយន្តម៉ាក ហាយឡែនឌ័រពេញទំហឹង បណ្តាលឲ្យនារីម្នាក់រងរបួសធ្ងន់ ស្ថិតតាមបណ្តោយផ្លូវ២០០៤ កែងនិងផ្លូវបេតុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅមុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AW-6960 បើកបរតាមបណ្ដោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម ខណ:មកដល់ចំណុចកើតហេតុ ស្តុបផ្លូវបំបែកជាបួន ស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងទៀត ម៉ាកតាកូម៉ា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2A0-3581 បើកបរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន បើកទាំងបំពានស្តុបក៏ជាន់ហ្រ្វាំងមិនជាប់ ជ្រុលទៅបុករថយន្តហាយឡែនឌ័រ កំពុងបើកឆ្លងស្តុប ចំពីចំហៀងមុខខាងឆ្វេងយ៉ាងពេញទំហឹង ប៉ើងទៅមុខរងការខូចខាតទាំងសងខាង និងបណ្តាលឲ្យនារីម្នាក់ រួមដំណើរជាមួយរថយន្តបង្ក បានរងរបួសធ្ងន់ បញ្ជូនយកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នាតែមិនត្រូវ ក៏ទាក់ទងទៅផ្នែកជំនាញចរាចរណ៍ ឱ្យចុះមកពិនិត្យ និងវាស់វែងយករថយន្តទាំង ២ គ្រឿងទៅរក្សាទុក នៅអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់