ភ្នំពេញៈ កាលពីវេលាម៉ោង ១និង២៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ មានករណីបុរសស្ត្រី ២នាក់ បើករថយន្តបុកបង្កាន់ដៃស្ពាន៧មករា និងបង្គោលភ្លើង បណ្ដាលឲ្យក្រឡាប់រថយន្តផ្ងារជើងម្ខាង រងរបួសធ្ងន់ម្នាក់ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
រថយន្តម៉ាក ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AX-6285 បើកបរដោយបុរសស្ត្រីជនជាតិចិន ២នាក់។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនជាតិចិនប្រុសស្រី ២នាក់ បើករថយន្តក្នុងស្ថានភាពស្រវឹងស្រា ធ្វើដំណើរពីកើតទៅលិចយ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុកបង្កាន់ដៃស្ពាន បង្គោលភ្លើងបំភ្លឺបាក់អស់មួយដើម និងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ គាបដៃស្ត្រីរួមដំណើរជាមួយសន្លប់ស្ដូកស្ដឹក ត្រូវបានអ្នកធ្វើដំណើរឆ្លងកាត់ជួយ។
ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំង ហៅរថយន្តសាមុយដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំពោះវត្ថុតាងសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកមករក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕
មតិយោបល់