ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មនុស្ស០២នាក់ បានបាត់បង់ជីវិតភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធំបុកជាមួយរថយន្តតូច កើតឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៥និង៤០នាទីព្រឹក លើកំណាត់ផ្លូវជាតិលេខ៦ ក្រៅទីប្រជុំជន ត្រង់ចំណុចបង្គោលខ្សែភ្លើងលេខ ០៤៧៤ ខាងលិចស្ពានត្បែង ប្រហែល ៤០០ម៉ែត្រ ស្ថិតនៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក មាស ឫទ្ធី អធិការនគរបាលស្រុក ព្រះនេត្រព្រះ បានឲ្យដឹងថា​ ជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មាន៖ឈ្មោះ គង់ ឆាយទាំង ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិ៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ក្រុងភ្នំពេញ អ្នកបើកបររថយន្ត និងអ្នករួមដំណើរ ឈ្មោះ គង់ ព្រូ ភេទប្រុសអាយុ៣៧ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រុងភ្នំពេញ ។

លោកអធិការ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក HIGH LANDER ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2S-7653 បើកបរដោយឈ្មោះ គង់ ឆាយទាំង បានបើកពីទិសខាងកើតទៅខាងលិច មានល្បឿនលឿនពេលមកដល់ ចំណុចកើតហេតុខាងលើ បានបែកកង់ក្រោយខាងស្ដាំ ហើយបានរេចង្កូតចុះរេឡើង មកទទឹងកណ្ដាលទ្រូងផ្លូវ នៃគន្លងផ្លូវខាងស្ដាំ ស្របពេលនោះមានរថយន្តមួយគ្រឿងម៉ាក HINO ពណ៌ខៀវ ក្បាលរថយន្ត ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2451 និងសឺម៉ីរឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ 4A-3150 បើកមកពីទិសខាងលិចទៅខាងកើត បានបុករថយន្ត HIGH LANDER ដែលនៅទទឹងផ្លូវចំពាក់ កណ្ដាលតួរថយន្តខាងឆ្វេងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរកៀបជាប់ ក្នុងរថយន្តស្លាប់នៅនឹងកន្លែងទាំង០២នាក់ ។ ចំណែកអ្នកបើកបររថយន្ត HINO បានរត់គេចខ្លួនពី កន្លែងកើតហេតុ ។ ចំពោះរថយន្តទាំង០២គ្រឿងខូចខាតធ្ងន់ ។

សពជនរងគ្រោះទាំង០២នាក់ ត្រូវបានកម្លាំងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុក ព្រះនេត្រព្រះ យកមកតម្កល់ទុក នៅវត្តរហាល រង់ចាំសាច់ញាតិមកពីទីក្រុងភ្នំពេញ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់