ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវ ឃាត់ខ្លួនបានបន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចខ្សែភ្លើងក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ថបហ្វម មិនបានសម្រេចហើយគេចខ្លួនបាន៣ថ្ងៃ។
ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ចំណុចផ្ទះជួល ភូមិក្រុម១ ភូមិឃ្លាំងសាំងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ រុន អេ ហៅរុន វាសនា អាយុ៣០ឆ្នាំ មុខរបរ កម្មកររោងចក្រខាងលើ ស្នាក់ផ្ទះជួលកន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យខាងនេះបានធ្វើសកម្មភាពលួចខ្សែភ្លើងនៅក្នុងរោងចក្រខាងលើកាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ជនសង្ស័យខាងលើបានចូលទៅធ្វើការធម្មតា បន្ទាប់មកបានបន្លំខ្លួនចូលក្នុងឃ្លាំងផ្ទុកខ្សែភ្លើងហើយចោះដំបូលឡើងយកខ្សែភ្លើងបោះក្រៅរបងរោចក្រតែមិនទាន់បានបោះផងក៏ត្រូវសន្តិសុខយាមនៅទីនោះឃើញទាន់ក៏ស្រែកឆោឡោបង្កឲ្យជនសង្ស័យភ័យរត់គេចខ្លួនបាត់។ ក្រោយមកខាងតំណាងរោងចក្របានយកវត្ថុតាងមកកាន់ប៉ុស្តិ៍ឬស្សីកែវនិងដាក់ពាក្យបណ្តឹង។
ក្រោយពីទទួលពាក្យបណ្តឹងសមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ហូតដល់ម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ទើបសមត្ថកិច្ចឃាត់ខ្លួនបាននៅបន្ទប់ជួលដែលជនសង្ស័យស្នាក់នៅតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចខ្សែភ្លើងពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យខាងលើនិងវត្ថុតាង ត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរនិងកសាងសំណុំចាត់ការតាមនីតិវិធី៕
មតិយោបល់