ព័ត៌មានជាតិ

រថយន្តបែនដឹកដី បុករះជាច្រើនគ្រឿង បណ្តាលឲ្យមនុស្សរងរបួស និងរងការខូចខាត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តបែនដឹកដី បានបុករះរថយន្តចំនួន០២ គ្រឿងទៀត និងរ៉ឺម៉កចំនួនមួយគ្រឿង ដែលកំពុងឈប់ចាំស្តុក នឹងបន្តដំណើរទៅមុខទៀត បណ្ដាលឲ្យរងការខូចខាត និងមានអ្នករងរបួសបញ្ជូនទៅសង្គ្រោះភ្លាមៗ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុខាងលើ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ុងរិទ្ធី កែងនឹងផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តហាយឡិនឌ័រ ពណ៌ស ០១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BA-9570 និងរថយន្តហាយឡិនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2P- 47 88 រួមទាំងមានម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងទៀត ដែលធ្វើដំណើរស្របទិសគ្នា ពីកើតទៅលិចមកដល់ចំណុចកើតហេតុ បានឈប់ចាំស្តុកមុននឹងបន្តដំណើរទៅមុខទៀត ស្របពេលនោះក៏មានរថយន្តបែនដឹកដី០១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 3A-1203 ធ្វើដំណើរស្របទិសមកពីក្រោយ សង្ស័យប្រាំងមិនជាប់ទើបបណ្ដាលឲ្យជ្រុល មកបុកភាគីទាំងបីបណ្ដាលរងការខូចខាត និងមានអ្នករងរបួសផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានរួមទាំងជំនាញ ផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងយកដាក់អែបខាង នឹងឲ្យភាគីទាំងបួនធ្វើការសម្របសម្រួលគ្នា នៅកន្លែងកើតហេតុតែម្ដង ៕

មតិយោបល់