ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២ និង០០នាទីរសៀល មានករណីអគ្គិភ័យមួយ បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋម្នាក់ឈ្មោះ ញន សុខ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃក្តីកណ្តាល ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការនគរបាលស្រុកកណ្តៀង បានឲ្យដឹងថា ករណីអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី និងបណ្តាលឲ្យឆេះផ្ទះអស់ទាំងស្រុងចំនួន ០១ខ្នង ទំហំ០៧ម៉ែត្រ x ០៨ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងស្រកានាគ សរសរប្រឡៅមូល ជញ្ជាំងក្តារ ក្រាលក្តារ និងលុយដុល្លារចំនួន ១០០០$ (មួយពាន់ដុល្លារ) និងសម្ភារៈសម្លៀកបំពាក់ មុង ភួយ ខ្នើយ កន្ទេលមួយចំនួនទៀត ។
លោកអធិការបានបន្តថា ករណីអគ្គិភ័យនេះ កម្លាំងពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តអគ្គិភ័យ របស់អធិការដ្ឋាននគរបាល ស្រុកកណ្តៀង បាញ់ទឹកពន្លត់អគ្គិភ័យអស់ចំនួន ០២រថយន្ត ទើបគ្រប់គ្រងស្ថានការបានទាំងស្រុង ៕
មតិយោបល់