ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តតូយូតាព្រូសបើកឆ្លងផ្លូវ ដោយខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថយន្តហ្វត មួយគ្រឿង បើកបោះពួយយ៉ាងលឿន ជ្រុលទៅបុកចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ សំណាងល្អមិនមានអ្នករងរបួស ។
ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង០១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នំា២០២១ ស្ថិតតាម បណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តតូយូតាព្រូស ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BJ-6057 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៩ ក្នុងទិសដៅពីកើតទៅលិចដោយបើកឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួន កែងនិងផ្លូវម៉ៅសេទុង ស្រាប់តែមានរថយន្តហ្វត មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC-9796 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង មានទិសដៅពីត្បូង ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកចំពេញទំហឹងពាក់កណ្ដាល បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងខាងលើ រងការខូចខាតទាំងសងខាងយ៉ាងដំណំ ។
ក្រោយហេតុការណ៍ ម្ចាស់រថយន្តមិនបាននៅដោះស្រាយគ្នាជាមួយរថយន្តតូយូតាព្រូសនោះទេ បានទុករថយន្តចោលគេចខ្លូនបាត់ ស្រមោល បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ ។
បន្ទាប់មកសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះមកដល់ធ្វើការទាក់ទងបន្តទៅខាងជំនាញចរាចរណ៍ ឲ្យមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ តាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់