ភ្នំពេញៈ ផ្ទះល្វែងស្តុក គ្រឿង អេឡិចត្រនិក មួយកន្លែង ត្រូវបានអគ្គីភ័យ ឆាបឆេះផ្សែងហុយខ្មួលខ្មាញ់អស់ប្រមាណ ១ម៉ោងបណ្តាលឲ្យសម្ភារៈ រួមនឹងគ្រឿងអេឡិចត្រនិចរងការខូចខាត។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ១១និង១៥នាទីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នៅចំណុចផ្ទះលេខ២៥០ផ្លូវលេខ១៤៦z ភូមិ១០ ក្រុម២៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ផ្ទះដែលត្រូវភ្លើងឆេះជាប្រភេទសំណង់ផ្ទះល្វែងធ្វើពីបេតុងមានទំហំ ៥ម៉ែត្រគុណ ១២ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ ជួង ម៉េងគួង ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរលក់កុំព្យូទ័រ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតផ្ទះខាងលើ ត្រូវបានម្ចាស់ចាក់សោទុកចោលរួចទៅលក់ដូរ ខណៈពេលនោះស្រាប់តែ ភ្លើង បានឆាបឆេះផ្សែងហុយទ្រលោមចេញពីក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ សមត្ថកិច្ចចុះទៅអន្តរាគមន៍ បាននាំគ្នា វាយបំបែកកញ្ចក់ និងផ្តាច់សោរដើម្បីចូលទៅបាញ់ពន្លត់ ភ្លាមៗរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង បានទៅអន្តរាគមន៍ ។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា អគ្គិភ័យ នេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យចំនួន ៩គ្រឿង ទៅអន្តរាគមន៍បាញ់ពន្លត់ហើយភ្លើង បានរលត់ទៅវិញនៅវេលាម៉ោងប្រមាណ ១២និង៤៥នាទីថ្ងៃត្រង់។
តាមនគរបាលអោយដឹងទៀតថា អគ្គិភ័យនេះបានបំផ្លាញសម្ភារៈមួយចំនួន រួមមានគ្រឿងអេឡិចត្រនិច ,គ្រឿងជ័រ តុ ទូរ កៅអី រួមទាំងសម្ភារៈមួយចំនួនទៀត តែពុំបណ្តាលឲ្យឆេះរាលដាល់ផ្ទះអ្នកជិតខាង និងបង្កអោយមនុស្សរងរបួសឡើយ ៕
មតិយោបល់