(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានថ្កោលទោស និងបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះសេចក្ដីរាយការណ៍ដែលថាកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានប្រព្រឹត្តទង្វើរំលោភ សិទ្ធិមនុស្សនៅក្នុងរដ្ឋ Chin ស្ថិតនៅភាគខាងលិចនៃប្រទេស។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះថា «សកម្មភាពរបស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ជាទង្វើគួរឱ្យស្អប់ ដែលបង្ហាញកាន់តែច្បាស់ថាសហគមន៍អន្តរជាតិចាំបាច់ត្រូវតែឱ្យយោធាមីយ៉ាន់ម៉ាទទួលខុសត្រូវ ហើយត្រូវចាត់វិធានការបង្ការកុំឱ្យមានការបំពាន សិទ្ធិមនុស្សបែបនេះតទៅទៀត ក្នុងនោះរួមមានទាំងការហាមឃាត់ការផ្ទេរអាវុធដល់យោធារបស់ពួកគេ។
ប្រតិកម្មរបស់ក្រសួងការបរទេសអាមេរិក កើតមានឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានរាយការណ៍ថាកងកម្លាំង សន្តិសុខមីយ៉ាន់ម៉ា បានដុតបំផ្លាញផ្ទះជនស៊ីវិកច្រើនជាង១០០ខ្នង រួមទាំងវិហារគ្រឹស្តមួយចំនួន នៅក្នុងការប៉ះទង្គិចគ្នាដោយអាវុធជាមួយចលនាប្រឆាំងរដ្ឋប្រហារ និងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅក្នុងទីក្រុង Thantlang នៃរដ្ឋ Chin។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun បានចេញមុខច្រានចោល សេចក្ដីរាយការណ៍នេះដោយចាត់ទុកថាជាការចោទប្រកាន់គ្មានមូលដ្ឋាន៕
ប្រភព៖ AFP
មតិយោបល់