(ឌូបៃ)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi បានព្រមានថាប្រទេសរបស់លោកនឹងចាត់វិធានការសងសឹងសហរដ្ឋអាមេរិក ប្រសិនបើអតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ មិនត្រូវបាននាំខ្លួនឡើងតុលាការ ជុំវិញការធ្វើឃាតមេទ័ពកំពូលអ៉ីរ៉ង់ លោក Qassem Soleimani ទេនោះ។
លោក Ebrahim Raisi ធ្វើការព្រមានបែបនេះនាឱកាសនៃការប្រារព្ធខួបលើកទី២ នៃការសម្លាប់លោក Qassem Soleimani ដោយយន្ដហោះដ្រូនអាមេរិក
តាមបញ្ជារបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នៅក្បែរអាកាសយានដ្ឋានទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់។ លោក Raisi មិនបាន បញ្ជាក់ថាតើអ៉ីរ៉ង់នឹងសងសឹកដោយរបៀបណានោះទេ ប៉ុន្តែកាលពីថ្ងៃចន្ទសប្ដាហ៍នេះមានសេចក្ដីរាយការណ៍ថាយន្ដហោះដ្រូនបំពាក់អាវុធ ២គ្រឿងត្រូវបាន
បាញ់ទម្លាក់ នៅក្បែរមូលដ្ឋានទ័ពអ៉ីរ៉ាក់ដែលជាកន្លែងឈរជើងរបស់យោធាអាមេរិក ស្ថិតនៅជិតអាកាសយានដ្ឋានទីក្រុងបាកដាដ។
ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ ទីក្រុងតេហេរ៉ង់បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ នាំសហរដ្ឋអាមេរិក និងអ៉ីស្រាអែលដែលអ៉ីរ៉ង់ ចោទថាជាអ្នកនៅពីក្រោយការសម្លាប់លោក Qassem Soleimani មកទទួលខុសត្រូវចំពោះអំពើមនុស្សឃាតនេះ។ មិនតែប៉ុណ្ណោះ មន្ត្រីក្រសួងយុត្តិធម៌អ៉ីរ៉ង់ ក៏បានទំនាក់ទំនងជាមួយអាជ្ញាធរនៅក្នុងប្រទេសចំនួន ៩ផងដែរ ក្រោយកំណត់អត្តសញ្ញាណជនសង្ស័យ១២៧នាក់ ក្នុងនោះមានពលរដ្ឋអាមេរិក ៧៤នាក់ ពាក់ព័ន្ធនឹងសំណុំរឿងធ្វើឃាតមេទ័ពអ៉ីរ៉ង់រូបនេះ ហើយក្នុងនោះលោក ដូណាល់ ត្រាំ ស្ថិតនៅលើគេនៃបញ្ជីឈ្មោះជនសង្ស័យ៕
ប្រភព៖ Reuters
មតិយោបល់