ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូបុកពីក្រោយរថយន្ត ដែលកំពុងឈប់នៅលើទ្រូងផ្លូវ​ បណ្ដាលឲ្យស្លាប់

កណ្ដាលៈ ថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៤និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ជិះម៉ូតូបុកពីក្រោយរថយន្ត លើកំណាត់ផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រ០១-០២ ស្ថិតក្នុងភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។

សភាពនៃរឿងហេតុ៖ នៅវេលាថ្ងៃខែឆ្នាំកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IH-9211 បើកបរដោយឈ្មោះ មាស ចាន់ ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល (ស្លាប់នៅកន្លែងកើតហេតុ) ពាក់មួកសុវត្ថិភាព-ក្នុងទិសដៅពីត្បូងទៅជើង លុះពេលបើកមកដល់ចំណុចកើតហេតុ ក៏បានបុកពីក្រោយរថយន្តមួយគ្រឿង (ដែលកំពុងឈប់នៅលើទ្រូងផ្លូវ) បណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុកម្លាំងផ្នែកជំនាញ បានចុះដល់កន្លែងកើតហេតុបន្ទាន់ធ្វើការគូសដៅកន្លែងកើតហេតុ រួចនាំយកមធ្យោបាយពាក់ព័ន្ធមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលដើម្បីបន្តនីតិវិធី។

បច្ចុប្បន្នសពខាងលើ ត្រូវបានប្រគល់ជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

សេចក្ដីសន្និដ្ឋាន៖
-ករណីខាងលើបណ្តាលមកពីរថយន្ដឈប់នៅលើទ្រូងផ្លូវ មានការធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន មិនបានដាក់សញ្ញាសំគាល់អោយដឹងពេលរថយន្តឈប់។
-ម៉ូតូបើកបរខ្វះការប្រុងប្រយ័ត្ន បើកបរមិនពិនិត្យមើលស្ថានភាពផ្លូវ នៅខាងមុខអោយបានច្បាស់លាស់៕

មតិយោបល់