ព័ត៌មានជាតិ

ករណីរថយន្តនិងម៉ូតូបុកគ្នា នៅកំណាត់ផ្លូវជាតិ៧៨ បណ្តាលឲ្យជាងជួសជុលម៉ូតូម្នាក់ស្លាប់

រតនគិរី: នៅវេលាម៉ោង០៥និង៣០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងម៉ូតូបុកគ្នា បណ្តាលមនុស្សស្លាប់ម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧៨ ក្នុងភូមិសិល សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M-6794 បើកបរពីកើតទៅ ទិសខាងលិច ដោយឈ្មោះ អេង សុអ៊ុន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រីង ឃុំព្រីង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។ ចំណែកឯម៉ូតូមានម៉ាក WINNER ពណ៌ខ្មៅ (គ្មានស្លាកលេខ) បើកបរពីលិចទៅទិសខាងកើត បើកបរដោយឈ្មោះ ថង និរន្តរ (ហៅពៅ) ភេទប្រុស អាយុ២៤ឆ្នាំ ជជាតិខ្មែរ មានទីលំនៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី មុខរបរជាងជួសជុលម៉ូតូ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកអ្នកបើកបររថយន្ត និងវត្ថុតាងម៉ូតូ រថយន្ត ជំនាញចរាចណ៍យកទៅការិយាល័យ រង់ចាំការដោះស្រាយ នៅពេលក្រោយ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់