(ភ្នំពេញ)៖ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ នាវេលាម៉ោង ១០ និង ៣០នាទីយប់ នៅចំណុចមុខផ្ទះគ្មានលេខ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ មានករណីហិង្សាមួយបានកើតឡើង បណ្តាលជនរងគ្រោះឈ្មោះ ដែក សារិទ្ធ ភេទប្រុសអាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រងរបួស ។
ជនសង្ស័យត្រូវបានឃាត់ខ្លួន ឈ្មោះ មឿន ឆេងគ្រី ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។
សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ ក្រុមជនសង្ស័យ មានទំនាស់ជាមួយ ក្រុមមិត្តភ័ក្តិជនរងគ្រោះ ពីរឿងលេងជះទឹក រួចក្រុមជនសង្ស័យ ក៏បានទៅនាំបក្ខពួក មានគ្នាប្រហែលជាង ១០នាក់ ជិះម៉ូតូជិត ១០គ្រឿង ប្រដាប់ដោយដាវ ត្រឡប់មកវិញ ឃើញជនរងគ្រោះ និងមិត្តភ័ក្តិជនរងគ្រោះម្នាក់ ដែលមានទំនាស់ ជាមួយជនសង្ស័យពីមុននោះ កំពុងតែដើរក្នុងភូមិ ក៏ត្រូវបានក្រុមជនសង្ស័យ ចុះមកកាប់ជនរងគ្រោះ ចំត្រចៀកខាងឆ្វេង បណ្តាលឱ្យរងរបួសជាទម្ងន់ រួចជនសង្ស័យនាំគ្នាគេចខ្លួន ត្រូវបានសមត្ថកិច្ចឃាត់បានបក្សពួកជនសង្ស័យម្នាក់ ឈ្មោះ មឿន ឆេងគ្រី នាំយកមកប៉ុស្តិ៍ ដើម្បីសាកសួរលម្អិត។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ នាំទៅព្យាបាលនៅគ្លីនិកឯកជន មួយកន្លែងក្បែរនោះ រួចបន្តយកទៅព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានមន្ត្រីមានសមត្ថកិច្ចឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្ត តាមនិតិវិធីនៃផ្លូវច្បាប់៕
មតិយោបល់