ព័ត៌មានជាតិ

ឆក់បានសម្រេចតែរត់មិនរួច ត្រូវពលរដ្ឋនិងម្ចាស់ដេញចាប់ក្របួចជាប់ ប្រគល់ឲ្យសមត្ថកិច្ចវាយខ្នោះ

ភ្នំពេញ: នៅវេលាម៉ោង០១រំលងអធ្រាត្រថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ មួយគ្រឿង ពីគូសង្សារមួយគូកំពុងអង្គុយលេងនៅសួនច្បារបានសម្រេច និងព្យាយាមរត់គេចដោយ ថ្នើរជើងតែរត់មិនរួច បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកើត ទីតាំងស្ថិតត្រង់ចំណុចសួនច្បារក្បែររង្វង់មូលក្តាន់ពីរ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ណូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។

នៅមុនពេលកើតហេតុជនរងគ្រោះនិងនារីជាសង្សារ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ ជិះឌុបគ្នាទៅអង្គុយ លេង នៅលើសួនត្រង់ចំណុចកើតហេតុ ។ ខណ:ពេលដែលកំពុងអង្គុយនិយាយគ្នាលេង ស្រាប់តែមានជនសង្ស័យម្នាក់ បានដើរមកពីក្រោយខ្នង រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿង ម៉ាក Iphone7 plus ដែលជនរងគ្រោះបានទុកនៅលើ សួនជិតខ្លួនបានសម្រេច ហើយជនសង្ស័យបានព្យាយាមរត់គេចខ្លួនដោយថ្នើរជើង ចេញពីកន្លែងកើតហេតុ ។ ប៉ុន្តែពេលនោះ ជនរងគ្រោះបានស្រែកនិងដេញតាមពីក្រោយជនសង្ស័យ ចម្ងាយ២០០ម៉ែត្រពីកន្លែងកើតហេតុ ។ ខណ:នោះដែរក៏មាន ប្រជាពលរដ្ឋនៅក្បែរនោះ បានជួយស្ទាក់ចាប់បានជនសង្ស័យភ្លាមៗ ប្រគលឲ្យសមត្ថកិច្ច ។

ក្រោយពេលកើតហេតុ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋ បាលមិត្តភាព ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់