ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង២៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីជនសង្ស័យ ២នាក់ ឆក់ទូរស័ព្ទពីនារី ៣នាក់ កំពុងជិះម៉ូតូតាមផ្លូវបានសម្រេច តែបន្សល់ទុកម៉ូតូរបស់ជនសង្ស័យ ហេតុការណ៍នេះ កើតឡើងនៅចំណុចគល់ស្ពានជ្រោយចង្វារខាងលិច សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ម៉ូតូម៉ាក ហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-9824 ជារបស់ជនសង្ស័យ។
នារីរងគ្រោះ ៣នាក់ បើកបរម៉ូតូម៉ាក ស៊ីរុស ពណ៌ខ្មៅ ពាក់ស្លាកលេខ…បាត់បង់ទូរស័ព្ទដៃមួយគ្រឿងម៉ាក iphone8plus ពណ៌ទឹកមាស និងកាត់ATMធនាគារមួយសន្លឹក។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញនារីរងគ្រោះ ៣នាក់ខាងលើ ទើបនឹងនាំគ្នាចេញពីហូបស៊ុបនៅម្ដុំវត្តភ្នំ ហើយជិះម៉ូតូត្រឡប់មកផ្ទះវិញ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៧ ពីត្បូងទៅជើង ដោយនារីនៅកណ្ដាលកាន់ទូរស័ព្ទនិយាយ លុះមកដល់ម្ដុំមុខមន្ទីរពេទ្យកេតុមាលា ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃបានសម្រេច រួចបន្ថែមល្បឿនរត់គេច តែត្រូវក្រុមនារីរងគ្រោះ បើកប្រដេញតាម និងស្រែកថា ចោរៗ បង្កឲ្យជនសង្ស័យភ័យជិះម៉ូតូទៅបុកខឿនសួនច្បារ ដួលម៉ូតូងើបរត់គេចខ្លួនបាត់ស្រមោលអស់ បន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលស្រះចក និងដាក់ពាក្យបណ្ដឹង ចំណែកម៉ូតូជនសង្ស័យ យកទៅរក្សាទុកដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់