(វ៉ាស៊ីនតោន)៖ ចិន បាន និងកំពុងបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងឆាប់រហ័សលើសពីការរំពឹងទុកដែលនេះនឹងកាត់បន្ថយគម្លាតជាមួយសហរដ្ឋអាមេរិក។ នេះបើតាម មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក។
នៅក្នុងរបាយការណ៍ថ្មីមួយចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ មន្ទីរបញ្ចកោណបានព្យាករថាចិននឹងអាចមានក្បាលគ្រាប់នុយក្លេអ៊ែរ ៧០០គ្រាប់ នៅត្រឹមឆ្នាំ២០២៧ ហើយ នឹងកើនដល់ ១,០០០គ្រាប់នៅឆ្នាំ២០៣០។ ចំនួននេះគឺស្មើនឹង ២.៥ដង លើសពីអ្វីដែលមន្ទីរបញ្ចកោណ ធ្លាប់បានធ្វើការប៉ាន់ប្រមាណកាលពីមួយឆ្នាំមុន ខណៈបច្ចុប្បន្នចិន ត្រូវបានគេជឿជាក់ថាមានក្បាលគ្រាប់នុយក្លេអ៊ែរ ៣២០គ្រាប់។
បើតាមរបាយការណ៍ដដែល ចិនក៏កំពុងតែបង្កើនការវិនិយោគលើការកសាងមូលដ្ឋានលើដី សមុទ្រ និងអាកាស ដើម្បីអាចទ្រទ្រង់ការដឹកជញ្ជូន និងរក្សាទុកក្បាលគ្រាប់នុយក្លេអ៊ែរ ទាំងនៅក្នុងទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំ។ ការគណនាទាំងអស់នេះ ត្រូវបានដាក់បញ្ចូលទៅក្នុងរបាយការណ៍ប្រចាំឆ្នាំ នៃក្រសួងការពារជាតិទៅកាន់សភាអាមេរិករួចហើយ៕
ប្រភព៖ AFP
មតិយោបល់