ព័ត៌មានជាតិ

យុវជនម្នាក់លួចស្រឡាញ់នារីរងគ្រោះ ហើយត្រូវម្ដាយនាងបំបែកមិនឲ្យជួបគ្នា ជិះម៉ូតូដេញបុកនិងវាយឲ្យរបួសជាទម្ងន់

កោះកុង: នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៤និង២០នាទី មានករណីហិង្សាមានស្ថានទម្ងន់ទោស បានកើតឡើង
ដោយជនសង្ស័យម្នាក់ បានជិះម៉ូតូដេញតាមជនរងគ្រោះ ពីភូមិត្រពាំង ឃុំស្រែអំបិល រហូតមកដល់ត្រង់ចំណុចកើតហេតុ ផ្លូវលំចម្ការកៅស៊ូ ស្ថិតក្នុងភូមិកំពុងស្ដាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។

ករណីខាងលើនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ វ៉ាត អាន ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅបច្ចុប្បន្នភូមិកំពង់ស្ដាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល បានធ្វើសកម្មភាពជិះម៉ូតូដេញតាមជនរងគ្រោះឈ្មោះ ង៉ាន់ ចាន់នឿន ភេទស្រី អាយុ២៣ ឆ្នាំ និងឈ្មោះ គឹម ស្រីរ័ត្ន ភេទស្រី អាយុ១៣ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំជាមួយគ្នា ។

ដោយជនសង្ស័យបានធាក់ម៉ូតូជនរងគ្រោះឲ្យដួល រួចកិនពីលើ បណ្ដាលឲ្យត្រូវចំដៃខាងឆ្វេង និងបំបោលម៉ូតូបំបុកបន្ថែមទៀតរួច ធ្វើសកម្មភាពយកកូនសោម៉ូតូរបស់ខ្លួនចាក់ជនរងគ្រោះ ត្រូវចំកខាងឆ្វេងចំនួន២កន្លែង និងវាយជាច្រើនដៃទៀត បណ្ដាលឱ្យត្រូវចំភ្នែកខាងឆ្វេង និងលើថ្ងាស បណ្ដាលឲ្យរងរបួសជាទម្ងន់ ហើយបានវាយទៅលើឈ្មោះ គឹម ស្រីរ័ត្ន ជាច្រើនដៃថែមទៀត ។

មូលហេតុ៖ បណ្ដាលមកពីជនសង្ស័យ បានលួចស្រឡាញ់ជនរងគ្រោះ ហើយត្រូវម្ដាយជនរងគ្រោះបំបែកមិនឲ្យជួបគ្នា ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ។ លោកវរសេនីយ៍ឯក ហួន នុន អធិការស្រុក បានដឹកនាំបញ្ជាកម្លាំងប៉ុស្តិ៍រដ្ឋបាលជ្រោយស្វាយ ធ្វើការឃាត់ខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់ស្នងការនគរបាលខេត្តកោះកុង ចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់