ព័ត៌មានជាតិ

បុរសម្នាក់ឡើងលើផ្ទះបើកមុងចាប់កុមារីប៉ុនប៉ងរំលោភ ត្រូវឪពុកម្ដាយជួយទាន់ចាប់ឲ្យសមត្ថកិច្ច

កំពង់ឆ្នាំង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងភ្លាមថា មានករណីប៉ុនប៉ងរំលោភ លើកុមារី កម្លាំងប៉ុស្តិ៍នគរនបាលរដ្ឋបាលកោះថ្កូវ បានសហការជាមួយកម្លាំងប្រជាការពារ ចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួន ជនសង្ស័យម្នាក់ កាលថ្ងៃអាទិត្យ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២១ និង១០នាទីយប់ នៅចំណុចលើផ្ទះឈ្មោះ ស.ស ស្ថិតក្នុងភូមិសាស្រ្ត ភូមិកោះស្លែង ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

មន្ត្រីនគរបាលបានឲ្យដឹងថា កុមារីរងគ្រោះ មានអាយុ១៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ ឃុំខាងលើ ។ ចំណែកឯជនសង្ស័យឈ្មោះ សេង សាន ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ (ទាំង០២នាក់ រស់នៅភូមិកោះស្លែង ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង) ។

ប្រភពដដែលបានបន្តថា នៅពេលកើតហេតុ ជនសង្ស័យឡើងទៅលើផ្ទះបើកមុងចូលទៅចាប់ជនរងគ្រោះ តែត្រូវជនរងគ្រោះស្រែកឲ្យឪពុក ម្ដាយជួយ ពេលនោះឪពុក ម្តាយឮកូនស្រែក រត់ទៅជួយហើយចាប់បានជនសង្ស័យ រាយការណ៍ជូនសមត្ថកិច្ចភ្លាម ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនយកមក អធិការនគរបាលស្រុកជលគិរី កសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី ៕

មតិយោបល់