ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីយកកាំបិតដេញកាប់និងដុំថ្មគប់ នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្ពប

​កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃ​អង្គារ​ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា​ ឆ្នាំ២០២១ វេលាម៉ោង ០៨និង១០នាទី មានករណីគំរាមកំហែងថានឹងសម្លាប់ នៅចំណុចភូមិឫស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ មាស ភក្ដី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល មានទីលំនៅ បច្ចុប្បន្នភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។ ជនសង្ស័យ (ឃាត់ខ្លួន)ឈ្មោះ ខុន សុខា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឫស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល (មានផ្ទុកនូវសារធាតុញៀន) ។

វត្ថុតាងចាប់យក៖ ១.កាំបិតផ្គាក់ ចំនួន០១ ផ្លែដែក ដងឫស្សី មានប្រវែងសរុប ៥៤ ស.ម (ផ្លែមានប្រវែង ៣៨ ស.ម និង ដងមានប្រវែង ១៦ ស.ម) ។ ២. ដុំថ្ម ចំនួន ០២ដុំ ។

នៅថ្ងៃ ខែ ឆ្នាំ និងវេលាម៉ោងកើតហេតុជនរងគ្រោះ លោកអនុសេនីយ៍ឯក មាស ភក្ដី នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្ពប បានបើកបរម៉ូតូរបស់ខ្លួនទៅដល់ចំណុចកើតហេតុ លុះនៅពេលដែលជនសង្ស័យឃើញជនរងគ្រោះ ក៏បានយកកាំបិត ដេញកាប់ជនរងគ្រោះតែម្ដង តែជនរងគ្រោះបានបើកបរម៉ូតូគេចខ្លួន ហើយជនសង្ស័យ នៅតែបន្តរត់តាមដេញកាប់ ជនរងគ្រោះពីក្រោយ និងបានយកដុំថ្មគប់ទៅលើជនរងគ្រោះថែមទៀតផង ។ ភ្លាមៗនោះលោកអនុសេនីយ៍ឯក មាស ភក្ដី បានរាយការណ៍មកកាន់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ខ្ពបឲ្យជួយអន្ដរាគមន៍ ។

ក្រោយពេលទទួលបានព័ត៌មានខាងលើភ្លាម លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប បានដឹកនាំកម្លាំង ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការនាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តករណីខាងលើ ពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង អនុវត្តទៅតាមនីតិវិធី ៕

មតិយោបល់