ព័ត៌មានជាតិ

ម៉ូតូបុកគោយន្តកន្រ្តៃពីក្រោយ បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួស

ប៉ៃលិន: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង១៩និង២០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍០១ករណីបានបង្កឡើងដោយម៉ូតូ និងគោយន្តកន្រ្តៃ (ម៉ូតូបើកបុកគោយន្តកន្ត្រៃពីក្រោយ) នៅចំណុចភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សមត្ថកិច្ចបានឲ្យដឹងថា ភាគីបើកបរម៉ូតូមាន ឈ្មោះ ញ៉ន នាង ភេទប្រុស អាយុ ៣០ឆ្នាំ (ស្លាប់នៅនឹងកន្លែង) រស់នៅភូមិទួលខ្ពស់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ បើកបរម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1A 4831 មានអ្នករួមដំណើរជាមួយម្នាក់មាន ឈ្មោះ ជៀប ជុំ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងបាត់កន្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ (របួសស្រាល) ។

ភាគីបើកបរគោយន្តកន្ត្រៃ បានបើករត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ មូលហេតុមកពីកត្តាអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿន មិនមានការប្រុងប្រយ័ត្ន ទៅបុកគោយន្តកន្ត្រៃពីក្រោយ ដោយគោយន្តកន្ត្រៃ មិនមានដាក់ចំណាំងផ្លាតខាងក្រោយទេ (បើកបរស្របទិសគ្នាពីត្បូងទៅជើង) ។

បច្ចុប្បន្នករណីនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវ រកអ្នកបើកបរគោយន្តកន្ត្រៃ ដែលបានរត់គេច ដើម្បីឲ្យចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់ រីឯវត្ថុតាងម៉ូតូត្រូវបានដកហូតយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ៕

មតិយោបល់