ព័ត៌មានជាតិ

ស្លាប់២នាក់និងរបួសស្រាលម្នាក់ករណីរថយន្តបុកគោយន្ត នៅស្រុកបសេដ្ឋ

កំពង់ស្ពឺ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មនុស្សចំនួន២នាក់ បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ និងមនុស្សម្នាក់ទៀតបានរងរបួសស្រាលក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគោយន្ត។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៤និង៣០នាទី លើផ្លូវលំភ្នំកំប៉ូតព្រេច នៅចំណុចភូមិត្រពាំងធ្លក ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានគោយន្ត០១គ្រឿងម៉ាកគូប៊ូតា ពណ៌ក្រហម បើកបរដោយឈ្មោះ ពៅ ប្រុស ភេទប្រុស អាយុ២៥ឆ្នាំ ដឹកកូន០២នាក់ពីក្រោយ ១.ឈ្មោះ លីម ភា ភេទប្រុសអាយុ១៦ឆ្នាំ(ស្លាប់) ២.ឈ្មោះ វុន ស្រីលីម ភេទស្រីអាយុ០៤ឆ្នាំ(ស្លាប់) អ្នកទាំងបីនាក់រស់នៅភូមិពាំងធ្លក ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកចេញពីចម្ការឡើងទៅលើផ្លូវក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់លើផ្លូវ ស្រាប់តែមានរថយន្តធន់ធ្ងន់០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3A-6846 បើកមកពីទិសខាងលិចឆ្ពោះទៅទិសខាងកើតលើផ្លូវចំណោត ភ្លាមនោះរថយន្តជាន់ហ្វ្រាងមិនជាប់ក៏ជ្រុលទៅបុកគោយន្តយ៉ាងពេញទំហឹង។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួន និងបណ្ដាលឲ្យស្លាប់មនុស្ស០២នាក់ (ស្រី១នាក់) និងរងរបួសស្រាលម្នាក់ (អ្នកបើកគោយន្ត) សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចបន្តថា ចំពោះវត្ថុតាងទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីស្រាវជ្រាវតាមនិតិវិធី ៕

 

មតិយោបល់