ភ្នំពេញៈ នៅវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ស្រេង សំណាង ភេទប្រុស អាយុជាង ៤០ឆ្នាំ មុខរបរ ជាមន្រ្តីនគបាលនៅខេត្តកណ្តាល មានស្រុកកំណើត នៅភូមិអំពឹលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល(ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ) បើកបរម៉ូតូម៉ាក ហ្វីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1S-6793។
រថយន្តបង្កជាប្រភេទ រថយន្តដឹកខ្សាច់ ក្បាលពណ៌ឈាមជ្រូក ពាក់ស្លាក ត្បូងឃ្មុំ 3A-0858 តៃកុងរត់គេចខ្លួនបាត់ស្រមោល។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកបរម៉ូតូ តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ពីជើងទៅត្បូងល្បឿមល្មម លុះមកដល់ចំណុចកើតហេតុ មានរថយន្តដឹកខ្សាច់មួយគ្រឿង ធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿនរេចង្កូតចូលទៅផ្លូវម្ខាងទៀត បណ្ដាលឲ្យជ្រុលបុកចំពីមុខម៉ូតូខ្ទេចស្ទើរតែទាំងស្រុង រីឯជនរងគ្រោះត្រូវបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង មករក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕
មតិយោបល់