ព័ត៌មានជាតិ

Update៖ គ្រូពេទ្យមានវ័យដ៏ចំណាស់ម្នាក់ ត្រូវខ្សែភ្លើងឆក់ឆេះខ្លោច ស្លាប់នៅក្នុងផ្ទះរបស់ខ្លួន

ភ្នំពេញ: គ្រូពេទ្យម្នាក់ ឆេះខ្លោចស្លាប់នៅលើជណ្តើរដែក ក្នុងផ្ទះរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង និងអ្នកដំណើររួម និងសមត្ថកិច្ចខណ្ឌមានជ័យ ចុះទៅព័ទ្ធខ្សែនៅកន្លែងកើតហេតុ ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង0៩ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ២ ផ្ទះលក់ឱសថស្ថានរង «ខ» ព‍ន្លកផ្ទះលេខ៣ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះខាងលើមានឈ្មោះ ភៅ ម៉ៅ ភេទប្រុស អាយុ៨៥ឆ្នាំ មុខរបរលក់ថ្នាំពេទ្យ គ្រូពេទ្យមធ្យមស្នាក់នៅចំណុចកើត ហេតុខាងលើ មានស្រុកកំណើតនៅភូមិ វាលវង់ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

បើតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានជាងមួយក្រុម បានមកជួសជុលផ្ទះជាប់ និងផ្ទះជនរងគ្រោះ ចំណែកជនរងគ្រោះ និងប្រពន្ធរបស់គាត់ចាក់សោពីខាងក្នុង នៅសម្រាកក្នុងផ្ទះពុំឃើញបើកទ្វារលក់ថ្នាំពេទ្យ ដូចសព្វដងនោះទេ លុះដល់ពេលកើតហេតុ អ្នកជិតខាងឮសំឡេងប្រពន្ធរបស់គាត់ ស្រែកហៅឲ្យគេជួយ ទើបអ្នករស់នៅក្បែរនោះ នាំគ្នាទៅមើលជួយកាត់សោ ចូលទៅខាងក្នុងក៏ប្រទះឃើញជនរងគ្រោះ ដេកស្លាប់លើជណ្តើរដែកបាត់ទៅហើយដោយមានស្នាម ខ្លោចឆេះពេញខ្លួន ចំណែកពិដានជ័រនៅខាងលើ ឆេះធ្លាក់រាយប៉ាយពេញក្នុងផ្ទះ សង្ស័យតែទុសេ្សខ្សែភ្លើង បណ្តាលឲ្យឆេះឆក់ស្លាប់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានចុះមកធ្វើការហ៊ុំព័ទ្ធនៅជុំវិញ បរិវេណកន្លែងកើតហេតុ និងរាយការណ៍បន្តទៅកាន់ការិយាល័យ បច្ចេកទេសកោសល្យវិច្ច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យសព ជនរងគ្រោះ នៅកន្លែងកើតហេតុ ។

បន្ទាប់ពីសមត្ថកិចជំនាញ បានពិនិត្យសពរួចរាល់ សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះខាងលើពិតជាត្រូវបានឆក់ខ្សែភ្លើងស្លាប់ ពិតប្រាកដមែន ។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់