ព័ត៌មានជាតិ

បុរសម្នាក់បានលោតទឹកសម្លាប់ខ្លួន នៅក្នុងទឹកស្ទឹងបណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ប៉ៃលិន: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាក្រៅ បានទទួលការរាយការណ៍ ពីលោកមេភូមិភ្នំកុយថា មានករណីសង្ស័យ មនុស្សលោតទឹកសម្លាប់ខ្លួន (ជនវិកលចរិត) ចំនួន០១ករណី នៅចំណុចស្ទឹងកុយ ខាងលិចស្ពានប្រហែល ៥០០ម៉ែត្រ ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ក្រោយមកកម្លាំងជំនាញ ផ្នែកព្រហ្មទណ្ឌ កម្លាំងវេនប្រចាំបញ្ជា នៃអធិការដ្ឋាននគរបាលស្រុក និងកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលសាលាក្រៅ សហការជាមួយលោកមេភូមិ និងប្រជាការពារភូមិ បានចុះមុជទឹករកជនរងគ្រោះ រហូតមកដល់វេលាម៉ោង១២ និង ៥៦នាទី ថ្ងៃខែឆ្នាំដដែល ទើបរកសាកសពឃើញ ។

ជនរងគ្រោះមានឈ្មោះ ប៉ង់ ភេទប្រុស អាយុ ៣៩ឆ្នាំ បានមកស្នាក់នៅវត្តគិរីចេតីយ៍ ហៅវត្តភ្នំកុយចំនួន០១ខែ ដោយមិនស្គាល់ អត្តសញ្ញាណច្បាស់លាស់ឡើយ ។

ក្រោយពីកម្លាំងជំនាញផ្នែកពិនិត្យវិភាគ កន្លែងកើតហេតុ ធ្វើកោសល្យវិច្ច័យ រួចមកបានសន្និដ្ឋានថា សពខាងលើពិតជាបានស្លាប់ ដោយសារលោតទឹកសម្លាប់ខ្លួនឯងពិតប្រាកដមែន ។

បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនគណ:កម្មាធិការវត្ត រៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់