ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង នៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យខូចខាតទាំងសងខាង

ភ្នំពេញ: នៅវេលាម៉ោង០៧និង១០នាទីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានស្ត្រីម្នាក់បើកបររថយន្តតូយ៉ូតាព្រូស មួយគ្រឿង បោះពួយយ៉ាងលឿន ខណ:មេឃកំពុងធ្លាក់ភ្លៀងខ្លាំង ជ្រុលបុករថយន្តហ្វតកំពុងបើកឆ្លងកាត់ផ្លូវបែកជាបួនពេញទំហឹង ទីតាំងកើតហេតុត្រង់ចំណុចក្បែរផ្សារក្រមួន ស្ថិតតាមបណ្ដោយផ្លូវ១០០៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ ខណ:មេឃកំពុងធ្លាក់ភ្លៀងខ្លាំង គេឃើញបុរសម្នាក់ បើកបររថយន្ត មួយគ្រឿងម៉ាកហ្វត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BN-5353 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៧ មានទិសដៅពីជើងទៅត្បូង លុះពេលបើកបរ ដល់ត្រង់ចំណុចកើតហេតុ រថយន្តនោះបានបើកឆ្លងកាត់ផ្លូវ១៩៨០ ឆ្ពោះទៅមុខ ហើយពេលឆ្លងបានពាក់កណ្ដាលផ្លូវស្រាប់តែមាន រថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AB-0740 បើកបរដោយស្ត្រីម្នាក់និងមានកូនតូចម្នាក់ រួមដំណើរជាមួយផង បើកតាមបណ្ដោយផ្លូវលេខ១៩៨០ មានទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន រថយន្តតូយ៉ូតាព្រូសនោះ ក៏បានជ្រុលទៅបុករថយន្តហ្វត ចំពាក់កណ្ដាលពេញទំហឹង ខ្ទាតទៅទទឹងផ្លូវបណ្តាលឲ្យរថយន្តហ្វត រងការខូចខាតក្រពឹតទ្វារមួយចំហៀងខាងស្តាំ ចំណែកឯរថយន្តតូយ៉ូតាព្រូស បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋាន បានចុះទៅទីតាំងខាងលើ ដើម្បីអន្តរាគមន៍ដោយឲ្យភាគីទាំងពីរ ធ្វើការចរចាដោះស្រាយគ្នា ប៉ុន្តែដោះស្រាយមិនត្រូវ ទើបសមត្ថកិច្ចទាក់ទងទៅផ្នែកជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយបន្តនៅពេល ក្រោយទៀតតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់