ព័ត៌មានជាតិ

9​ ចំណុច​ ដែល​ facebook​​ ប៉ះពាល់​ ដល់​​ជីវិត​របស់​​អ្នក​ប្រើ​ប្រាស់​

សម្រាប់អ្នកដែលមានគណនីហ្វេសប៊ុក ដែលជាគេហទំព័រនៃបណ្ដាញសង្គមធំជាងគេ ក្នុងពិភពលោក តែងតែប្រើប្រាស់​គេហទំព័រនេះ សម្រេចនូវបំណងរបស់ខ្លួន ជាពិសេសដើម្បីទំនាក់ទំនងមិត្តភ័ក្រ ចែកផ្សាយអ្វីមួយ ឬស្វែងរកការណាត់ជួប​ណាមួយនោះជាដើម។ ទាំងអស់នេះហើយ ដែលធ្វើឲ្យ ហ្វេសប៊ុកបានក្លាយបន្តិចម្ដងៗ ជាផ្នែកមួយ នៃជីវិត​របស់​អ្នក​ប្រើប្រាស់វា។

សូម​បញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ន ហ្វេសប៊ុក (Facebook) មានអ្នកប្រើប្រាស់ច្រើនជាង ១ពាន់លាននាក់ នៅលើពិភពលោក។ តែក្នុងពេលនេះ យើងសូមលើកយកចំណុចខ្លះៗ ដែលហ្វេសប៊ុក កំពុងតែប៉ះពាល់ដល់ការរស់នៅ និងផ្លាស់ប្តូរឥរិយាបថ ឬជីវិតរបស់មនុស្ស។
//i1272.photobucket.com/albums/y389/domneng/facebook-REUTERS-Thomas-Hodel_zpsf575ba0e.jpg
១. ធ្វើឲ្យអ្នកញៀន៖
បើអ្នកមានគណនេយ្យហ្វេសប៊ុក តើអ្នកអាចមិនបើកមើលវាក្នុងពេល ២៤ម៉ោងបានទេ? បើតាមការស្ទង់មតិ បានឲ្យដឹងថា ៨០% នៃអ្នកប្រើប្រាស់«មិនអាច»ធ្វើបានទេ។ ការសិក្សាមួយ បានបង្ហាញថា តំរូវការការត្រួតពិនិត្យ និងចូលទៅប្រើប្រាស់​ហ្វេសប៊ុក គឺមានឥទ្ធិពលជាង ការញៀនសារធាតុស្រវឹង ឬក៏បារីទៀត។

២. វាធ្វើឲ្យអ្នកមានការប្រច័ណ្ឌ៖

នៅពេលដែលអ្នកត្រួតពិនិត្យ នៅលើទំព័រគណនីនៃដៃគូរអ្នក វាងាយស្រួលនឹងឃើញគាត់ ឬក៏នាង កំពុងតែសន្ទនា​ទៅ​កាន់អ្នកផ្សេង។ ទាំងនេះវាធ្វើឲ្យអ្នកមានអារម្មណ៏មិនស្ងប់ និងមានការកើនឡើងនៃភាពប្រច័ណ្ឌ ក្នុងផ្លូវស្នេហារបស់អ្នក។ តាមការសិក្សាបានឲ្យដឹងថា ៣៥% នៃអ្នកប្រើប្រាស់បាននិយាយថា ហ្វេសប៊ុកធ្វើឲ្យគេមាន«អារម្មណ៏ប្រច័ណ្ឌ»។ ហើយ​ទាំងនេះវានាំឲ្យមានការបែកបាក់ ឬបញ្ចប់ជីវិតស្នេហាក៏មាន។

៣. ធ្វើឲ្យអ្នកក្លាយជានិយោជក ឬនិយោជិកដ៏ប្រសើរម្នាក់៖

យោងតាមការសិក្សាបង្ហាញថា មនុស្សដែលប្រើប្រាស់ហ្វេសប៊ុក ក្នុងគោលបំណងការងារ និងផ្សាយពាណិជ្ជកម្ម ជាទូទៅ​ទទួលបានលទ្ធផល ៩% ល្អ និងច្រើនជាងអ្នកដែលមិនប្រើប្រាស់។ អ្នកអាចចែករំលែកនូវការងាររបស់អ្នក ឬធ្វើការ​ផ្សព្វ​ផ្សាយផលិតផល នៃសហគ្រាសរបស់អ្នក តាមហ្វេសប៊ុក។ ទាំងនេះវាធ្វើឲ្យអ្នក ជោគជ័យមួយកម្រិតថែមទៀត។

៤. វាអាចធ្វើឲ្យអ្នកមិនសប្បាយចិត្ត៖

មនុស្សភាគច្រើន ប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ដើម្បីជជែកពីចំណុចវិជ្ជមាន ក្នុងជីវិតរបស់ពួកគេ។ ទាំងនេះជា​ចំនុច​ល្អ ប៉ុន្តែនៅពេលដែលអ្នក បើកមើលរូបភាពមិត្តភកិ្តរបស់អ្នក ដែលសប្បាយរីករាយ និងញញឹមដាក់កាម៉ារ៉ានោះ ធ្វើឲ្យអ្នក​មានអារម្មណ៏ថា ពួកគេមានអារម្មណ៏រីករាយគ្រប់ពេល។ ចំណុចទាំងនេះ វាធ្វើឲ្យអ្នកមានការ«កើនឡើង» នូវការតានតឹង​ក្នុងអារម្មណ៏ ដោយសារតែបញ្ហានៅក្នុងជីវិតរបស់អ្នក និងធ្វើឲ្យអ្នកគិតថាជីវិតមនុស្សមិនយុត្តិធម៌។

៥. វាធ្វើឲ្យអ្នកពេញចិត្តនឹងខ្លួនឯង៖
យើងទើបតែនិយាយថា ហ្វេសប៊ុកធ្វើឲ្យអ្នកមិនសប្បាយចិត្ត ប៉ុន្តែនោះគ្រាន់តែជាផ្នែកមួយតែប៉ុណ្ណោះ។ បើអ្នកក្រឡេក​ទៅមើល ទំព័រផ្សេងៗទៀត អ្នកនឹងអាចទទួលបានពត៌មាន ដ៏ល្អៗបំផុតសំរាប់អ្នក នោះវាប្រាកដជាធ្វើឲ្យអ្នករីករាយ និង​មានអារម្មណ៏ចំពោះខ្លួនអ្នកផ្ទាល់។ ប៉ុន្តែអ្នកចាំបាច់ ត្រូវតែរើសយកនូវទំព័រណា ដែលប្រកបដោយ​ភាពវិជ្ជមាន​មកដាក់​សម្រាប់ទុកទស្សនា ឧទាហ៍រណ៍៖ ទំព័រអប់រំ ទំព័រសារពត៌មានទស្សនាវដ្ដីឯករាជ្យ ឬទំព័រសម្រាប់កំសាន្ដ ប្រកបដោយ​ការ​ត្រិះរិះនោះជាដើម។

៦. វាធ្វើឲ្យមិត្តភក្តិរបស់អ្នកមិនចូលចិត្តអ្នក៖
នៅពេលដែលមានមនុស្សជាច្រើន បានបង្ហាញពីរឿងល្អៗ ក្នុងជីវិតរបស់គេ ហើយអ្នកគ្រប់គ្នាមានមិត្តភក្តិម្នាក់ ឬពីរនាក់ ដែលតែងតែបង្ហាញ ពីភាពបរាជ័យក្នុងជីវិតរបស់គេក្នុងមួយថ្ងៃៗ។ តាមការសិក្សាបង្ហាញថា មនុស្សដែលបង្ហាញ ពីអារម្មណ៏មិនសប្បាយចិត្ត នៅក្នុងហ្វេសប៊ុកញឹកញាប់ពេក វាធ្វើឲ្យមិត្តភក្តិជាច្រើនផ្សេងទៀត មិនចូលចិត្ត និងយល់ថា ជាការរំខានដល់គេ។

៧. វាធ្វើឲ្យអ្នកមានអារម្មណ៏ថាធាត់៖
វាប្រហែលជាគ្មានការភ្ញាក់ផ្អើលទេ នៅពេលដែលដឹងថា ៧៥%នៃអ្នកប្រើប្រាស់ហ្វេសប៊ុកទាំងអស់និយាយថា ពួកគេមិន​សប្បាយចិត្ត ចំពោះខ្លួនប្រាណរបស់គេ។ មនុស្សជាច្រើនចូលចិត្តថតរូប ដូច្នេះអ្នកអាចសង្កេតឃើញថា រូបភាពទាំងនោះ​មានភាពខុសប្លែកគ្នា។

៨. ធ្វើឲ្យអ្នកមានអារម្មណ៏តានតឹង (ស្រ្តេស)៖
នៅពេលដែលអ្នក ចង់មានទំនាក់ទំនងជាមួយមិត្តភកិ្តអ្នក ប៉ុន្តែពួកគេមិនទទួល ឬមានការយឺតយ៉ាវ នោះវានឹងធ្វើឲ្យអ្នក​មានអារម្មណ៏តានតឹង។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ៦៣% នៃអ្នកប្រើប្រាស់ហ្វេសប៊ុកទាំងអស់ បានពន្យា​ពេល​ឆ្លើយតប សំណើរសុំធ្វើជាមិត្តភកិ្ត។ ៣០%ជាង បាននិយាយថា ពួកគេបដិសេដសំណើរទាំងនោះ។ ទាំងនេះធ្វើឲ្យ​អ្នក ដែលស្នើរសុំធ្វើជាមិត្តភក្តិនោះ មានអារម្មណ៏ឈឺចាប់ និងសោកសៅណាស់ បើទោះបីជាវា មិនមែន​នៅក្នុងឥរិយាបថ​ជីវិត​ពិតក៏ដោយ។

៩. ធ្វើឲ្យអ្នកបាត់បង់កិត្តិយស៖
ការសម្តែងនៅតាមកញ្ចក់ទូរទស្សន៏ និងសាច់រឿង បានជ្រាបចូលក្នុងអារម្មណ៏របស់មនុស្ស ដែលធ្វើឲ្យអ្នកភ្លេចខ្លួនធ្វើអ្វី ដើម្បីកិត្តិយសខ្លួន។ តាមការសិក្សាបានឲ្យដឹងថា ៣៦% នៃអ្នកប្រើប្រាស់ហ្វេសប៊ុក ដែលមានវ័យក្រោម ៣៥ឆ្នាំ ជាទូទៅ មានការបង្ហាញពីបញ្ហាភេទ ដូចជាបង្ហាញដើមទ្រូង រូបរាងស៊ិចស៊ី ស្លៀកខ្លីជ្រុល … នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ឬ ធ្វីតថឺ (Twitter)៕

មតិយោបល់