ព័ត៌មានជាតិ

ឃាត់ខ្លួន​បុរស​ម្នាក់​ ករណីប្រើ​ពូថៅ​កាប់​ទៅ​លើ​យុវជន​ម្នាក់​ បណ្តាល​ឲ្យ​រង​របួសធ្ងន់

​បាត់ដំបង:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​អធិការ​នគរបាល​ស្រុក​សង្កែ​ ឃាត់ខ្លួន​បុរស​ម្នាក់​ ប្រើ​ពូថៅ​កាប់​ទៅ​លើ​យុវជន​ម្នាក់​ បណ្តាល​ឲ្យ​រង​របួស​ ស្ថិត​នៅ​ត្រង់​ចំណុច​ក្រុម​ទី​១៥​ ភូមិ​អូរ​ដំបង​ ឃុំ​អូរ​ដំបង​២​ ស្រុក​សង្កែ​ ខេត្ដបាត់ដំបង​ ។​ ធ្វើការឃាត់ខ្លួន កាលពីនៅ​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៨​និង​០០​នាទី​ ។​

​យោង​តាម​របាយការណ៍​របស់​នគរបាល​ស្រុក​សង្កែ​ បាន​ឲ្យ​ដឹង​ថា​ បាន​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ ករណី​ហិង្សា​ដោយ​ចេតនា​ទម្ងន់ទោស​ មួយ​កើតឡើង​បង្ក​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ សឿ​ត​ វិសាល​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អូ​ដំបង​ ឃុំ​អូរ​ដំបង​២​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង ​។​ ជន​ដៃដល់​បាន​ធ្វើ​សកម្មភាព​យក​ពូថៅ​កាប់​ទៅ​លើ​ជន​រង​គ្រោះម្នាក់​ឈ្មោះ​ គី​រី​ ប្រណី​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ មាន​ទីលំនៅ​ក្រុម​ទី​១៥​ ភូមិ​អូរ​ដំបង​ ឃុំ​អូរ​ដំបង​២​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ បណ្តាល​ឲ្យ​ចំ​ក្បាល​ខាងក្រោយ​ផ្នែក​ខាងស្តាំ​បែកចេញ​ឈាម ​។​ តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានឲ្យ​ដឹង​មូលហេតុ​ដែល​ឈាន​ដល់​ការ​បង្ក​ហិង្សា​នេះ​គឺ​ជនសង្ស័យ​និង​ជន​រង​គ្រោះ​មាន​ជម្លោះ​និង​គំនុំ​នឹង​គ្នា ​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​ ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ​៕

មតិយោបល់