រតនគិរីៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទអំពើលួច (គាស់ផ្ទះយកទ្រព្យសម្បត្តិ) ត្រូវម្ចាស់ផ្ទះប្តឹងសមត្ថកិច្ច រហូតឈានដល់ ការឃាត់ខ្លួន នៅផ្ទះសំណាក់ ពន្លឺពេជ្រ ក្រុងបានលុង។
ហេតុការណ៍នេះធ្វើឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១៥និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះសំណាក់ពន្លឺពេជ្រ ស្ថិតក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
លោកផន ទុំ នាយប៉ុស្តិ៍នគរបាល សង្កាត់ឡាបានសៀកបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះហេង សុខលី ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ជាម្ចាស់ផ្ទះមកដាក់ពាក្យបណ្តឹងថា មានចោរ ចូលលួចគាស់ផ្ទះ យកទ្រព្យសម្បត្តិរបស់ខ្លួនប្រហែលជាម៉ោង១១និង៣០នាទី ព្រឹក នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ពេលគាត់មិននៅផ្ទះ ក្រោយពីបានទទួលពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាល សង្កាត់ឡាបានសៀក បានស្រាវជ្រាវ និងធ្វើការ កំណត់មុខសញ្ញាថា មានចោរ ចូលលួចគាស់ផ្ទះ ចំនួនម្នាក់ដែល ស្នាក់នៅ ក្នុងបន្ទប់ ផ្ទះសំណាក់ពន្លឺពេជ្រ។
លោកនាយកប៉ុស្តិ៍ បានបន្តថាជនសង្ស័យនោះ មានឈ្មោះពេជ្រ ពៅ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង មុខរបរមិន ពិតប្រាកដ ដកហូតបាននូវវត្ថុតាងគឺរូបសេះចំលាក់មួយ គូរធ្វើអំពីឈើប្រភេទធ្នង់ លោកបានបន្តទៀតឲ្យដឹងថាជនសង្ស័យនេះ ទើបតែមកពីប្រទេសថៃ ប្រហែលបាន១អាទិត្យតែប៉ុណ្ណោះ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលសង្កាត់ឡាបានសៀក ដើម្បីបំពេញសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តរតនគិរី ចាត់ការបន្ត៕
មតិយោបល់