ព័ត៌មានជាតិ

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាត់យកខ្សែភ្លើងអគ្គិសនី

ភ្នំពេញ: កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាត់យកខ្សែភ្លើងអគ្គិសនី ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៧៨ ផ្លូវ៦៣BT ភូមិត្នោជ្រុំ២ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ ចន ឆាយ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២៧៨ ផ្លូវ ៦៣BT ភូមិ ត្នោជ្រុំ២ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ គ្រូបង្រៀន ។

ជនសង្ស័យឈ្មោះ កុល សំណាង ហៅ ណាក់ ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅរោងទិញលក់អេតចាយ ផ្លូវលំ ភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររើសអេតចាយ មានផ្ទុកសារធាតុញៀន ។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣និង០០នាទីទៀបភ្លឺ ជនរងគ្រោះ និងក្រុមគ្រួសារកំពុងសម្រាកនៅក្នុងផ្ទះ (កន្លែងកើតហេតុ) ស្រាប់តែរលត់ភ្លើងអគ្គិសនី និងមានសំឡេងឆ្កែព្រូស ដោយមានការសង្ស័យ បានចេញមកមើលឃើញជនសង្ស័យ និងបក្ខពួកចំនួន០២នាក់ទៀត មិនស្គាល់ឈ្មោះ អាយុប្រហែល ៣៥ឆ្នាំ បានឈប់ម៉ូតូមួយគ្រឿង នៅក្បែរខ្សែភ្លើងអគ្គិសនីរបស់ខ្លួន ដែលបានដាច់ធ្លាក់មកលើផ្លូវនោះ ក៏បានស្រែកឆោឡោឡើង ហើយនាំគ្នាដេញចាប់ឃាត់ខ្លួន បានជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាង ។

បន្ទាប់មកជនរងគ្រោះ ក៏បាននាំជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី២ ធ្វើការសាកសួរ និងដាក់ពាក្យបណ្ដឹង ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី ចំណែកបក្ខពួកជនសង្ស័យ ចំនួន០២នាក់ទៀត មិនស្គាល់ឈ្មោះបានរត់គេចខ្លួនបាត់ ។

វត្ថុតាងចាប់យក៖ ម៉ូតូចាស់ ចំនួន០១គ្រឿង ម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ, កន្ទុយរ៉ឺម៉ក ចំនួន០១គ្រឿង, ដង្កាប់ ចំនួន០៣, ម៉ាឡេត ចំនួន០២, កន្ត្រៃ ចំនួន០១, កាំបិតដងឈើ ចំនួន ០១, ទុលឡឺវីស ចំនួន ០១ និងជំពាមកៅស៊ូដងឈើ ចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់