ព័ត៌មានជាតិ

ក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ បានបាត់បង់ជីវិត ខណៈពេលទៅងូតទឹកអាងលេងត្រូវទឹកហូរកួច ទៅកន្លែងជ្រៅ

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ក្មេងស្រីអាយុ ១២ឆ្នាំ ម្នាក់បានបាត់បង់ជីវិត ខណៈពេលទៅងូតទឹកអាងលេងត្រូវទឹកហូរកួច ទៅកន្លែងទឹកជ្រៅ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០៤និង២០នាទីល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចទំនប់អាងទឹកភូមិរ៉ាចំការចេក ខាងត្បូងភូមិគោកអំពិល ចំងាយ២០០ម៉ែត្រ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថា ៖ កុមារីរងគ្រោះឈ្មោះ សុំ សុវណ្ណនី អាយុ១២ឆ្នាំ នៅភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះ បានទៅងូតទឹកហូរលេងនៅចំណុចទំនប់អាងទឹកភូមិរ៉ាចំការចេក ០២នាក់ បងប្អូនជីដូនមួយ ពេលនោះត្រូវទឹកហូរខ្លាំងកួចក្មេងស្រីរងគ្រោះនោះ បងប្អូនជីដូនមួយដែលទៅលេងទឹកជាមួយបានព្យាយាមចាប់ដៃទាញជួយតែបានរបូតដៃ ត្រូវទឹកហូរនាំទៅកន្លែងជ្រៅ ពេលនោះបងប្អូនជីដូនមួយបានរត់ទៅឲ្យអ្នកចាំចំការនៅក្បែរនោះដើម្បីជួយ តែជាអកុសល ពេលជួយស្រង់ពីទឹកមកនាងបានបាត់បង់ជីវិតទៅហើយ ។

ប្រភពដដែលបានបញ្ជាក់ថា​ ៖ ក្រោយពីទទួលបានព័ត៌មាននេះ យើងបានបង្កើតគណៈកម្មការត្រួតពិនិត្យសព ដែលមានសមាសភាពចូលរួម៖ ប្រធានមណ្ឌលសុខភាពឃុំអូរប្រាសាទ,នគរបាលបច្ចេកទេស វិទ្យាសាស្ត្រអធិការដ្ឋាននគរបាលស្រុក , លោកនាយនគរបាលប៉ុស្តិ៍, មេភូមិគោកអំពិល ។ ក្រោយពេលត្រួតពិនិត្យឃើញថា ក្មេងស្រីរងគ្រោះ ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន មិនមានស្លាកស្នាមពាក់ព័ន្ធនឹងករណីឃាតកម្មទេ ។ សពបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីទាំងក្តីអាឡោះ អាល័យជាពន់ពេក ៕

មតិយោបល់