ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ តែងតែធ្វើសកម្មភាព លួចយ៉ាងសកម្មនៅក្នុងមូលដ្ឋាន

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ករណីធ្វើឱ្យខូចខាតដោយចេតនា និងប៉ុនប៉ងលួចចំណុចក្នុងបរិវេណដីឡឥដ្ឋ (ឡឥដ្ឋអត់ដំណើរការ) ស្ថិតនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ស្រឹម នី ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរចាំដីឡឥដ្ឋឲ្យគេ មានទីលំនៅសព្វថ្ងៃភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ជនសង្ស័យ (ឃាត់ខ្លួន)ឈ្មោះ សុខ ពិសី ភេទប្រុស អាយុ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃ ភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

វត្ថុតាងចាប់យក៖ ១.ញញួរ ផ្លែដែក ដងធ្វើអុំពីឈើចំនួន០១ ។ ២.កាំភ្លើងកែច្នៃ ធ្វើអំពីឈើ ប្រវែង១.៥០ម៉ែត្រចំនួន០១ ។
៣.គ្រាប់ធ្វើអំពីឈើ ផ្លែធ្វើអំពីដែកមុខពី ចំនួន០១ ។ ៤.កង់ទូកស្រីពណ៌សចំនួន០១គ្រឿង ។ នៅអំឡុងខែមេសា ឆ្នាំ ២០២១ ជនសង្ស័យធ្លាប់ធ្វើសកម្មភាព លួចយក តួ រទេះអូសឥដ្ឋ ដែលគ្មានកង់របស់ជនរងគ្រោះ ចំនួន០៥លើក នៅក្នុងបរិវេណឡឥដ្ឋ យកទៅលក់ឲ្យអេតចាយ បន្ទាប់មកទៀត ជនសង្ស័យធ្លាប់បានធ្វើសកម្មភាព វាយជង្រុកដាក់អង្កាមនៅក្នុងឡឥដ្ឋ ដើម្បីយកដែកទៅលក់ ចំនួន១០លើកទៀត ។

កាលពីថ្ងៃទី០៩.១១.២០២១ វេលាម៉ោង១៣និង៣០នាទី ជនសង្ស័យបានចូលទៅក្នុងឃ្លាំងដែក របស់ឈ្មោះ ម៉ុង ហាក់ ដែលស្ថិតនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ហើយធ្វើសកម្មភាពហែកជញ្ជាំង លួចដែកនៅក្នុងឃ្លាំងនោះចំនួន០១លើក តែលួចមិនបាន ដោយម្ចាស់គេមកទាន់ ពេលនោះជនសង្ស័យ ក៏រត់គេចខ្លួនបាត់ ។

បន្ទាប់មកនៅថ្ងៃទី១០.១១.២០២១ វេលាម៉ោង១៣និង១៥នាទី ជនសង្ស័យក៏បានចូលទៅក្នុងឃ្លាំងដែក របស់ឈ្មោះ ម៉ុង ហាក់ ម្ដងទៀតរួចក៏បានធ្វើសកម្មភាព លួចដែកនៅខាងក្រៅឃ្លាំងចំនួន០១ដើម ពណ៌ប្រវែង៨ម៉ែត្រ អូសយកមកទុកនៅផ្ទះរបស់ខ្លួន ។ បន្ទាប់មកទៀតនៅថ្ងៃទី១៣.១១.២០២១ វេលាម៉ោង១២និង០០នាទី ថ្ងៃត្រង់ ជនសង្ស័យបានជិះកង់ទៅលួចដែករហាត់ សម្រាប់អូសក្បឿងឡើងទៅលើដំបូលព្រះវិហារ នៅក្នុងបរិវេណវត្តមហានិគ្រោធ ហៅ វត្តចាស់ ភូមិវត្តចាស់ ឃុំព្រែកដំបងចំនួន ០១ លើក ដឹកយកមកទុកនៅផ្ទះរបស់ខ្លួន ។

លុះនៅថ្ងៃទី១៥.១១. ២០២១ វេលាម៉ោង០៧និង៣០នាទីព្រឹក ជនសង្ស័យបានជិះកង់ចេញពីផ្ទះ សំដៅទៅក្នុងបរិវេណឡឥដ្ឋ (កន្លែងកើតហេតុ) ដែលជនរងគ្រោះមើលការខុសត្រូវ ពេលទៅដល់ ជនសង្ស័យបានយកញញួរ វាយកញ្ចក់បង្អួចឃ្លាំង បណ្តាលឱ្យបែកអស់ចំនួន០២បង្អួច ។ បន្ទាប់មកជនសង្ស័យក៏បានឡើងទៅលើ សាទែនទឹកដែលនៅខាងក្រោយឃ្លាំង និងបានដោះក្រចាប់សាទែន បម្រុងលួចតែជនរងគ្រោះបានទៅទាន់ ហើយជនសង្ស័យ ក៏បានរត់គេចខ្លួន ។

រហូតដល់វេលាម៉ោង១១និង៣០នាទីថ្ងៃដដែល ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង ក្រោយពីទទួលពាក្យបណ្ដឹង សមត្ថកិច្ចប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ដល់ផ្ទះរួមទាំងវត្ថុតាង មកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្តកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា កន្លងមកខ្លួនពិតជាបានធ្វើសកម្មភាព លួចយ៉ាងសកម្មនៅក្នុងមូលដ្ឋាន និងនៅថ្ងៃកើតហេតុ ខ្លួនពិតជាបានវាយបំផ្លិចបំផ្លាញ កញ្ចក់បង្អួចឃ្លាំង និងមានបំណងលួច សម្ភារ:របស់ជនរងគ្រោះ នៅក្នុងបរិវេណឡឥដ្ឋពិតប្រាកដមែន ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់