ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយឃ្លុបដឹកភេសជ្ជៈ គេចរថយន្តមួយគ្រឿងទៀត ឆ្លងផ្លូវ បណ្ដាលឲ្យក្រឡាប់រងការខូចខាត

ភ្នំពេញ: រថយន្តហ៊ីយ៉ាន់ដាយឃ្លុបដឹកភេសជ្ជ:មួយគ្រឿង បានគេចរថយន្តមិនចាំម៉ាកមួយគ្រឿងទៀត កំពុងឆ្លងផ្លូវ បណ្តាលឲ្យក្រឡាប់រងការខូចខាតតិចតួច។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចខាងលិចផ្លូវចូលបុរីផ្លរ៉ាក្នុងភូមិក្តីចាស់ សង្កាត់បាត់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA 8209 បើកដោយបុរសម្នាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿងខាងលើ បើកតាមបណ្តោយផ្លូវជាតិលេខ៦អា ពីលិចទៅកើតលុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកឆ្លងផ្លូវ បណ្ដាលឲ្យរថយន្តរងគ្រោះអកហ្សើគេចទាំងបង្ខំក្រឡាប់ផ្ងារកង់ រងការខូចខាតសម្ភារតិចតួច។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ ពិនិត្យមើលកន្លែងកើតហេតុ និងសម្រួលចរាចរណ៍ រីឯភាគីខាងរថយន្តរងគ្រោះទម្លាក់ភេសជ្ជ:ចុះ និងហៅរថយន្តស្ទូចៗបញ្ឈររថយន្តវិញ មុននឹងជញ្ជូនភេសជ្ជ:ដាក់រថយន្តបន្តដំណើរទៅមុខទៀត៕

មតិយោបល់