ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាប្រើសារធាតុញៀនម្នាក់ ករណីគំរាមសម្លាប់ប្រពន្ធនិងបំផ្លាញទ្រព្យក្នុងផ្ទះ

កណ្ដាល: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ករណីគំរាមកំហែងថានឹងសម្លាប់ទៅលើប្រពន្ធ និងដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បន្ទាប់ប្រើប្រាស់គ្រឿងញៀនរួច ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០និង១០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ កែវ ចាន់ណេត ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ ចាន់ណេត ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី រោងចក្រ មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាប្រពន្ធរបស់ជនសង្ស័យ) ។ ចំណែកជនសង្ស័យឈ្មោះ រ៉េន ឡាកែង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាប្ដីរបស់ជនរងគ្រោះ) ។

វត្ថុតាងចាប់យករួមមាន៖ ១.កាំបិតផ្គាក់ ចំនួន ០១ ផ្លែដែក ដងឫស្សី មានប្រវែងសរុប ៦៧ស.ម (ផ្លែប្រវែង ៣០ស.ម និង ដងប្រវែង ៣៧ស.ម), ២.ចង្ក្រានហ្គាស (ប្រភេទប្រើហ្គាសធុង) ចំនួន០១, ៣.ទុរយោជ័រសម្រាប់ភ្ជាប់ធុងហ្គាសមានជាប់ក្បាលហ្គាស ចំនួន០១ មានប្រវែងសរុប ១.៧២ម ។

ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យនៅពេលដែលប្រើប្រាស់គ្រឿងញៀនរួច តែងតែស្រែកឡូឡា រករឿងជេរប្រមាថ និង គំរាមកំហែងចង់សម្លាប់ជនរងគ្រោះជាប្រពន្ធជាញឹកញាប់ ដោយជួនកាលធ្លាប់យកកាំបិត និងកណ្ដៀវយកមកជ្រលរកាប់ក្បាលប្រពន្ធ ថែមទៀតផង ។ លុះនៅ ថ្ងៃ/ខែ/ឆ្នាំ និងវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានខឹងនឹងប្រពន្ធ ក៏បានធ្វើសកម្មភាព យកកាំបិតផ្គាក់ ទៅស្រែកសំឡុតគំរាមកំហែងចង់កាប់ប្រពន្ធរបស់ខ្លួន ទើបប្រពន្ធរបស់ខ្លួនបានរត់គេចចេញពីផ្ទះបន្ទាប់មកជនសង្ស័យ បានចូលទៅក្នុងផ្ទះបាយ ហើយបានធ្វើសកម្មភាព កាច់បញ្ឆេះចង្ក្រានហ្គាស ដើម្បីដុតផ្ទះរបស់ខ្លួនចោលបណ្ដាលឲ្យមានការ ឆេះផ្ទះអស់មួយចំនួន និង បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងដែលរស់នៅក្បែរនោះជាខ្លាំង ។

ក្រោយពេលទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិលសហការជាមួយកម្លាំងជំនាញ ផ្នែកនគរបាល យុត្តិធម៌ និងកម្លាំងប្រជាការពារឃុំ បានចុះទៅដល់កន្លែងកើតហេតុ និងបាន ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងអនុវត្តទៅតាមនីតិវិធី ៕

មតិយោបល់