ព័ត៌មានជាតិ

ខ្មែរឥស្លាមពីរនាក់បងប្អូនបង្កើត វាយគ្នាបណ្តាលឲ្យម្នាក់បែកក្បាល រងរបួសធ្ងន់ដេរចំនួន០៨ថ្នេរ

ប៉ៃលិនៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង១៨និង០០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីហិង្សាមួយករណី រវាងបងប្អូនបង្កើត កើតឡើងនៅចំណុចផ្ទះជួល ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឱ្យមានមនុស្សរងរបួសម្នាក់ បែកក្បាលផ្នែកខាងក្រោយថ្ងាស និងថ្ពាល់ខាងឆ្វេង ដេរ៨ថ្នេរ ។

ជនរងគ្រោះមានឈ្មោះ ឡោះ ម៉ាត់ខ្លឹង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងដែក សញ្ជាតិខ្មែរឥស្លាម រស់នៅភូមិ/ឃុំខាងលើ (បែកក្បាលផ្នែកខាងក្រោយ ថ្ងាស និងថ្ពាល់ខាងឆ្វេង ដេរ៨ថ្នេរ) ។ ជនបង្កឈ្មោះ ឡោះ ម៉ាត់មីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ សញ្ជាតិខ្មែរឥស្លាម រស់នៅបន្ទប់ជួលជាមួយគ្នា បានគេចខ្លួនក្រោយកើតហេតុ ។

ជនរងគ្រោះបានរៀបរាប់ពីរឿងហេតុ មុនពេលកើតហេតុថា នៅវេលាម៉ោងប្រហែល១៧និង៥៥នាទី ជនបង្កបានអង្គុយផឹកស្រា ម្នាក់ឯង ក្នុងបន្ទប់ជួល ពេលនោះជនរងគ្រោះ(ជាប្អូន) បានត្រលប់មកពីធ្វើការវិញ បន្ទាប់មកជនបង្កក៏បានសុំលុយជនរងគ្រោះ តែជនរងគ្រោះមិនឱ្យ ស្រាប់តែជនបង្កខឹងក៏ស្ទុះយកសោអក្សរ T មកវាយចំក្បាលជនរងគ្រោះ បណ្តាលឱ្យបែកហើយបានរត់គេច ខ្លួនបាត់ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។

ក្រោយមកជនរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដោយសំណូមពរ ដល់សមត្ថកិច្ចជំនាញ អនុវត្តតាមនីតិវិធីច្បាប់។

បច្ចុប្បន្ន កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កំពុងសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលល្វា ស្រាវជ្រាវរកជនសង្ស័យ ដើម្បីនាំខ្លួនជនខាងលើ មកធ្វើការសាកសួរ ៕

មតិយោបល់