ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ នៅសាលាស្រុកស្ទឹងហាវ បានរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាលរងស្រុក ដោយមានការអញ្ជើញជាអធិបតីភាពដោយឯកឧត្តម សំ សំអាត អភិបាលរងខេត្តព្រះសីហនុ តាមប្រកាសស្តីពីតែងតាំងមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃលេខ ៣៥១៥ប្រក ចុះថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៥ សម្រេចតែងតាំងលោក ហាស់ ពណ្ណភ័ណ ឋានន្តរស័ក្តិអនុ មន្ត្រីថ្នាក់លេខ២ ឲ្យចូលកាន់មុខតំណែងជាអភិបាលរងស្រុកស្ទឹងហាវនៃខេត្តព្រះសីហនុ ដើម្បីបំពេញបន្ថែមបំរើការងារនៅក្នុងសាលាស្រុកស្ទឹងហាវ ។ឯកឧត្តម សំ សំអាត អភិបាលរងខេត្តព្រះសីហនុ បានផ្តាំផ្ញើចំពោះលោកអភិបាលរងស្រុក ដែលត្រូវបានតែងតាំងថ្មីដើម្បីជួយបំពេញការងារក្នុងសាលាស្រុកឲ្យមានការរីក ចំរើនបន្ថែមទៀត ហើយត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ក្នុងការចូលរួមចំណែកកសាងភូមិ-ឃុំ ស្រុក ឲ្យមានការអភិវឌ្ឍរីកចម្រើន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ។ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ពិសេសការអនុវត្តន៍ជាប្រចាំនូវគោលការណ៍៩ចំណុចរបស់ក្រសួងមហាផ្ទៃ ក៌ដូចជារាជរដ្ឋាភិបាលកម្ពុជា ធានាបានភូមិ-ឃុំមានសុវត្ថិភាព ធានាសេចក្តីរស់នៅសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លុបបំបាត់ក្រុមក្មេងទំនើង ការសេពគ្រឿងញៀន ដែលធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពសង្គមជាតិ ព្រមទាំងសហការជាមួយប្រជាពលរដ្ឋ ដើម្បីប្រមូលព័ត៌មានពីប្រជាពលរដ្ឋទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាបានទាន់ពេលវេលាឱ្យទទួលបានលទ្ធផលល្អ ។ ត្រូវសហការសាមគ្កីភាព ឯកភាពផ្ទៃក្នុងជាមួយមន្ត្រីក្រោមឱវាទ កងកម្លាំងប្រដាប់អាវុធ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ លោក ហាស់ ពណ្ណភ័ណ អភិបាលរងស្រុកស្ទឹងហាវដែលបានតែងតាំងថ្មី បានថ្លែងអំណគុណចំពោះរដ្ឋាភិបាល ក៌ដូចក្រសួងមហាផ្ទៃដែលមានទំទុកចិត្តតែងតាំងតួនាទីនាពេលនេះ ដើម្បីឆ្លើយតបនូវគុណនុបការះនេះ ប្តេជ្ញាចិត្តខិតខំបំពេញការងារបំរើប្រជាពលរដ្ឋឲ្យបានល្អ និងសហការជាមួយមន្ត្រីក្រោមឱវាទតាមមុខជំនាញនីមួយៗ ស្របតាមគោលការណ៍កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល រក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ពិសេសសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីលើកកម្ពស់សមត្ថភាពធនធានមន្ត្រីរាជការ ដើម្បីធានានូវប្រសិទ្ធភាពការងារ ។ ចូលរួមអនុវត្តន៍កម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ឈរលើស្មារតីទទួលខុសត្រូវរួមចំណែកអនុវត្តន៍ផែនការសកម្មភាព ទិសដៅរបស់អាជ្ញាធរស្រុក ខេត្ត ឱ្យទទួលបានលទ្ធផលល្អ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៌ភូមិ ឃុំឲ្យមានការរីកចំរើន ៕
ព័ត៌មានជាតិ
មតិយោបល់