ភ្នំពេញៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ក្រុមក្មេងទំនើង០២ក្រុម បង្កអំពើហិង្សាដាក់គ្នា ប្រើដោយដាវសាំម៉ូរ៉ៃ ដោយសារតែរឿងស្រែកឌឺដងដាក់គ្នានៅលើផ្លូវ សាធារណៈក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញគឺនាំជនរង គ្រោះម្នាក់ រងការកាប់ដោយដាវសាំម៉ូរ៉ៃ បណ្តាលដាច់ចង្អុលម្រាមដៃ ឆ្វេង០១ និងរងរបួសដាច់រយះទ្រូង០១កន្លែង រងរបួសធ្ងន់ ដោយឡែកក្រុមជនបង្ក០២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ។
ជនសង្ស័យជាក្មេងទំនើង០២នាក់ ត្រូវបាននគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ដោយរងការចោទប្រកាន់ពីបទឧក្រិដ្ឋ (ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស) ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ប្រាប់ឱ្យដឹងថាកាលពីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ជាថ្ងៃទី២បុណ្យអុំទូក គឺមានក្រុមក្មេងទំនើង០១ក្រុមមានគ្នា០៧នាក់ បាននាំគ្នាឈប់ម៉ូតូអង្គុយលេងនៅចំណុច រង្វង់មូលសម្តេចសង្ឃជួនណាត ផ្លូវព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញខណៈនោះក៏ស្រាប់តែមាន ក្មេងទំនើង០១ក្រុមទៀត មានគ្នា០៤នាក់ ជិះម៉ូតូ០២គ្រឿង បានបើកឆ្លងកាត់នៅចំណុចរង្វង់មូល សម្តេចសង្ឃ ជួន ណាតគ្មានរឿង អ្វីសោះក៏ស្រាប់ត្រូវបានក្រុមក្មេងទំនើង មានគ្នា០៧នាក់ ស្រែកថាឱ្យក្រុមក្មេងទំនើងមានគ្នា០៤នាក់ របៀបឌឺដងដាក់គ្នា ។
លុះបន្ទាប់មកក៏ក្រុមក្មេងទំនើងមានគ្នា០៤នាក់ ជិះម៉ូតូបកក្រោយមកវិញ ក៏ឈប់ដាក់ចន្ទល់ម៉ូតូចុះ ទាញដាវសាំម៉ូរ៉ៃ០២ដើមកាប់ទៅ លើក្មេងទំនើងមានគ្នា០៧នាក់ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ដាច់ម្រាមចង្អុលដៃឆ្វេង០១ និងកាប់ត្រូវចំដើមទ្រូងរយះប្រហែល០២ សង់ទីម៉ែត្រ ទៅលើជនរងគ្រោះមានឈ្មោះ ពៅ ដារ៉ាវិឆ័យ ភេទប្រុស អាយុ១៧ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះ លេខ២ ផ្លូវបេតុង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ផ្អើល ។ ក្រោយពីធ្វើសកម្មភាព នោះហើយ ក្រុមក្មេងទំនើងបង្កក៏ឡើងជិះម៉ូតូរត់គេចខ្លួនបាត់ ។ នៅឡើយតែជនរងគ្រោះម្នាក់ ត្រូវបានមិត្តភក្តិដឹកបញ្ជូនយកទៅសង្រ្គោះ នៅមន្ទីរពេទ្យ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញប្រាប់ឱ្យដឹងទៀតថាក្រោយពី កើតហេតុនូវអំពើហិង្សានេះហើយ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដោយបានអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចេញស្រាវជ្រាវស្វែងរកមុខសញ្ញាជនបង្កអំពើ ហិង្សាខាងលើ ។
លុះបន្ទាប់មកក៏កំណត់បានមុខសញ្ញាជនបង្កហិង្សាទាំង០៤នាក់ ហើយបានឈានទៅចាប់ឃាត់ខ្លួនជនដៃដល់និងបក្ខពួកបាន ចំនួន០២នាក់ ចំណែក០២នាក់ទៀត សមត្ថកិច្ចកំពុងបន្តតាមស្វែងរកចាប់ខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
លោកនាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ប្រាប់ឲ្យដឹងទៀតថា ក្មេងទំនើងបង្កដៃដល់ទាំង០២នាក់រងការចាប់ខ្លួន មានឈ្មោះ១–សន ណារ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ២- សៅ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិតាំងក្រាំង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ សមត្ថកិច្ចក៏បានចាប់យកម៉ូតូ០១គ្រឿងម៉ាកស៊ុយហ៊្សុយគីនិច ពណ៌ទឹកក្រូច ស៊េរីឆ្នាំ២០២១ ដែលជនបង្កជិះធ្វើ សកម្មភាពហិង្សា ៕
មតិយោបល់