ព្រះសីហនុៈ នៅថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការ ដឹកនាំបញ្ជា ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើប្រតិបត្តិការ បង្ក្រាបករណីលួច មានស្ថានទម្ងន់ទោស (គាស់យកកញ្ចក់ រថយន្ត) មួយករណី ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ។
កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៥ និង ១៥នាទីទៀបភ្លឺនៅចំណុច ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស ( លួចគាស់យកកញ្ចក់រថយន្ត) មួយបានកើតឡើង ។ បង្កឡើងដោយជនសង្ស័យ០២នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចកាច់យកកញ្ចក់រថយន្ត របស់ប្រជាពលរដ្ឋដែលចតទុកនៅមុខផ្ទះ រួចឡើងដោយជិះម៉ូតូ ០១គ្រឿង ម៉ាក ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១២ គេចខ្លួនបាត់ ។
បន្ទាប់ពីទទួលបានពត៌មាននេះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៧ និង ០០នាទី ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ ជាបន្តបន្ទាប់ ។
សុំបញ្ជាក់ថា តាមរយៈការស្រាវជ្រាវ ជនសង្សយ័ទាំង២នាក់ គឺជាមុខសញ្ញាសកម្មធ្លាប់ធ្វើសកម្មភាពលួចកាច់យកកញ្ចក់រថយន្តបែប នេះ ច្រើនករណីមកហើយដែរ ។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កំពុងធ្វើការសាកសួរ នៅការិយាល័យនគរបាលព្រហ្មទណ្ឌក ម្រិតស្រាល ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ក៏បានអំពាវនាវដល់ ពលរដ្ឋឬជនរងគ្រោះ ដែលជួបហេតុការណ៍ ដោយអំពើចោរកម្មផ្សេងៗ សូមរួសរាន់រាយការណ៍មកនគរបាលមូលដ្ឋានឃុំ សង្កាត់ ឬកម្លាំងនគរបាលដែលនៅជិតបំផុត ដើម្បីចាត់វិធានការបង្ក្រាបទាន់ពេលវេលា ៕
មតិយោបល់