(ប៊ែរឡាំង)៖ ស្វាមីរបស់អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel គឺលោក Joachim Sauer បានហៅពលរដ្ឋអាល្លឺម៉ង់ដែលមិនទាន់បានចាក់ វ៉ាក់សាំងបង្ការ COVID-19 ថាជា «មនុស្សកម្ជិល»។
ការកើនឡើងជាថ្មីនូវករណីឆ្លង COVID-19 នៅក្នុងប្រទេសអាល្លឺម៉ង់ មានមួយផ្នែកគឺដោយសារតែអត្រាចាក់វ៉ាក់សាំងបង្ការនៅមានកម្រិតទាប បើធៀប ទៅនឹងបណ្ដាប្រទេសអឺរ៉ុបខាងលិចដទៃដូចជាបារាំង អ៉ីតាលី ឬអេស្ប៉ាញ ដោយគិតមកទល់នឹងពេលនេះ ៦៨ភាគរយប៉ុណ្ណោះនៃប្រជាជនអាល្លឺម៉ង់បានទទួលការចាក់ វ៉ាក់សាំងបង្ការពេញលេញ ឬ ២ដូស។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអ៉ីតាលី La Repubblica នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Joachim Sauer បានលើកឡើងថា «ជារឿងដ៏ភ្ញាក់ផ្អើលដែលប្រជាជន ១ភាគ៣ មិនបានគោរពតាមរបកគំហើញវិទ្យាសាស្ត្រ ហើយការកើនឡើងករណីឆ្លងជាថ្មីមានមួយផ្នែកគឺដោយសារតែ ពលរដ្ឋអាល្លឺម៉ង់ជាមនុស្សកម្ជិលមួយចំនួន»។
លោក Joachim Sauer ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលអាល្លឺម៉ង់គិតគូរពិចារណាពីកាតព្វកិច្ចចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់រលកឆ្លងថ្មី COVID-19 ផងដែរ៕
មតិយោបល់