ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើប្រតិបត្តិការបង្ក្រាបករណីលួចកាត់ខ្សែភ្លើងមួយករណី ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ ដែលធ្វើសកម្មភាពលួចកាត់ នៅចំណុចក្រុមហ៊ុនយិជា ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានបញ្ជាក់ថា ជនសង្ស័យរួមមាន៖ ១-ឈ្មោះ រឿម គឹន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅចំណុច អូរត្រេះ ក្រុង-ខេត្តព្រះសីហនុ (ឃាត់ខ្លួនបាន) ។ ២-ឈ្មោះ ដូង កាន់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅចំណុច អូរត្រេះ ក្រុង-ខេត្តព្រះសីហនុ (គេចខ្លួន) ។ ៣-មិនទាន់ស្គាល់អត្តសញ្ញាណ (គេចខ្លួន) ។
ដកហូតវត្ថុតាងបានរួមមាន៖ ខ្សែភ្លើងចំនួន២៣កំណាត់ ព្រមទាំងសម្ភារៈ ឧបកណ៍ធ្វើសកម្មភាពមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿងអនុវត្តបន្តតាមផ្លូវច្បាប់ ៕
មតិយោបល់