ព័ត៌មានជាតិ

ជនសង្ស័យ ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីឃាតកម្មបាញ់បុរសម្នាក់ស្លាប់ ដែលតាមដានពួកគេពីរឿង ចែកចាយ និងប្រើសារធាតុញៀន

កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាល​ខេត្តកណ្ដាល​ បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ ៤​នាក់​ ក្នុង​ចំណោម​បក្ខពួក​ ៥​នាក់​ ករណី​ឃាតកម្ម​បាញ់ប្រហារ​ទៅ​លើ​បុរស​ចំណាស់​ម្នាក់​ ដោយ​អាវុធ​ខ្លី​K59​ កាលពី​៦​ ថ្ងៃមុន​នៅ​ស្រុក​ខ្សាច់កណ្ដាល​ ។​ ប្រតិបត្តិការ​ចាប់ខ្លួន​នេះ​ នៅ​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ដែល​ករណី​ឃាតកម្ម​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ វេលា​ម៉ោង ​១៨​និង​២០​នាទី​ នៅ​ចំណុច​ភូមិ​ថ្មី​ ឃុំ​សន្លុង​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ។​

​មន្ត្រី​នគរបាល​ខេត្តកណ្ដាល​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ជនសង្ស័យ​សរុប​មាន​គ្នា​៥​ ឃាត់ខ្លួន​បាន​៤​នាក់​ ទី​១-​ឈ្មោះ​ អ៊ា​ន់​ ម៉េ​ង​ឡេ​ង​ ហៅ​ ខ្លា​ ហៅ​ ប៉ាវ​ ហៅ​ ម៉េ​ង​ ភេទ​ប្រុស​ អាយុ ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​អន្លង់​ ឃុំ​ព្រែក​តា​មា​ក់​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ (​ជន​ដៃដល់​)​ ,​ ទី​២-​ឈ្មោះ​ ជឿន​ ជី​វ័​ន្ត​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​វត្ត​ថ្មី​ ឃុំ​ព្រែក​ដំបង​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​,​ ទី​៣-​ឈ្មោះ​ យឿ​ន​ សុខ​នឿ​ន​ ហៅ​ ម៉េ​ង​តូច​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ស្វាយ​អាត់​កណ្ដាល​ ឃុំ​ព្រែក​តា​មា​ក់​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​.​ និង​ទី​៤-​ឈ្មោះ​ អាង​ រស្មី​ ហៅ​ចែង​ ហៅ​ស៊ុ​យ​ ភេទ​ ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​វត្ត​ថ្មី​ ឃុំ​ព្រែក​ដំបង​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ រីឯ​ជនសង្ស័យ​ម្មា​ក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​។​ ដោយឡែក​ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ​ ឆែម​ ឆា​ ភេទ​ប្រុស​ អាយុ​ ៦៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ មាន​ទីលំនៅ​ភូមិ​ ថ្មី​ ឃុំ​សន្លុង​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​។​

វត្ថុ​តាង​ចាប់​យកៈ៖
១-​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​ HONDA​ BEAT​ ពណ៌​សលាយ​ក្រហម​ ពាក់​ស្លា​ក​លេខ​ តាកែវ​ 1Q-2185
២-​ខោអាវ​ចំនួន​ ០១​កំ​ផ្លេ​
៣-​សំបក​គ្រាប់​កាំភ្លើងខ្លី​ចំនួន​ ០៥​គ្រាប់​ លេខ​ 380​និង​
៤-​ក្បាល​គ្រាប់​កាំភ្លើងខ្លី​បាញ់​រួច​ចំនួន​ ០១​ ។​

​ប្រភព​ដដែល​បន្ត​ថា​ ក្រោយ​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សន្លុង​ ទទួល​បាន​ព័ត៌មាន​ថា​ មាន​ករណី​បាញ់​សម្លាប់​បុរស​ម្នាក់​នៅ​កន្លែង​កើតហេតុ​ ភ្លាម​នោះ​ កម្លាំង​ប៉ុស្តិ៍​ក៏​ចុះ​ដល់​កន្លែង​កើតហេតុ​ ​រួច​រាយការណ៍​ទៅ​នគរបាល​ ជំនាញ​ស្រុក​ និង​រាយការណ៍​បន្ត​ទៅ​នគរបាល​ជំនាញ​ខេត្ត​ ចុះ​មក​ដល់​ចំណុច​កើតហេតុ​ ដោយ​ពិនិត្យ​ឃើញ​ថា​ ជន​រង​គ្រោះ​មាន​របួស​ស្នាម​ ទ្រូង​ខាងស្ដាំ​ ០១​កន្លែង​ ,​ របួស​ចិញ្ចើម​ខាងឆ្វេង​ធ្លាយ​ចូល​ទៅ​គុម្ពត្រចៀក​ខាងស្ដាំ​ ០១​កន្លែង​ ,​ របួស​ស្នាម​ចូល​លើ​ត្រចៀក​ខាងឆ្វេង​០១​កន្លែង​ និង​របួស​ស្នាម​ចេញ​ផ្នែក​ក្បាល​ខាងក្រោយ​ ០១​កន្លែង​ ។​ បន្ទាប់​ពី​ធ្វើការ​ពិនិត្យ​រួច​ សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​ ហើយ​បាន​កសាង​សំណុំរឿង​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ ដោយ​មានការ​សម្របសម្រួល​ដឹក​ផ្ទាល់​ពី​លោក​ ឯក​ ស៊ុន​រស្មី​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល​,​ លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្រ​ ស្នងការ​នគរបាល​ ខេត្តកណ្តាល​,​ លោក​ឧត្តមសេនីយ៍ទោ​ ជាវ​ វិបុល​ អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​,​ លោក​ឧត្តមសេនីយ៍ត្រី​ សំ​ តុលា​ មេ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​និង​មានការ​ចូលរួម​លោក​ឧត្តមសេនីយ៍​ស្នងការ​រង​ មេបញ្ជាការ​រង​ កង​រាជ​អាវ​ធ​ហត្ថ​ខេត្ត​,​ លោកនាយ​ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​,​ លោក​អធិការ​,​ អធិការរង​,​ នាយ​ប៉ុស្តិ៍​រដ្ឋបាល​ មេបញ្ជាការ​ កងរាជអាវុធហត្ថ​ស្រុក​ រហូត​ក្តាប់​មុខសញ្ញា​បាន​ ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៤​នាក់​ រីឯ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​។​

​យោង​តាម​ការ​ឲ្យ​ដឹង​របស់​សមត្ថកិច្ច​ថា​ មូលហេតុ​ដែល​ក្រុម​ជនសង្ស័យ​បាញ់​សម្លាប់​ជន​រង​គ្រោះ​ខាងលើ​នេះ​ គឺ​ដោយ​ចោទប្រកាន់​ថា​ មក​ពី​ជន​រង​គ្រោះ​បាន​តាមដាន​ពួក​គេ​ពី​រឿង​ចែកចាយ​ថ្នាំ​ញៀន​ ហើយ​ជន​រង​គ្រោះ​ឈ្មោះ​ ឆែម​ ឆា​ ក៏​ធ្លាប់​ទៅ​លបមើល​ឈ្មោះ​ អ៊ា​ន់​ ម៉េ​ង​ឡេ​ង​,​ ឈ្មោះ​ អាង​ រស្មី​ និង​បក្ខពួក​ដែល​កំពុង​ចែកចាយ​ និង​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ចំការ​ឫស្សី​ពីងពង់​នៅ​ភូមិ​ដុល​ ហើយ​ចាប់ពី​ពេល​នោះ​មក​ឈ្មោះ​ អ៊ា​ន់​ ម៉េ​ង​ឡេ​ង​ ក៏​តាមដាន​និង​រៀបចំ​គម្រោង​សម្លាប់​ឈ្មោះ​ ឆែម​ ឆា​ តែ​ម្ដង​។​

​ករណី​នេះ​ សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ អនុវត្ត​តាម​នីតិវិធី​៕

មតិយោបល់