ព័ត៌មានជាតិ

ការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ សម្រេចបានជិត ៧០ភាគរយហើយ

គិតត្រឹមសប្តាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ សម្រេចបាន លទ្ធផល៦៩,៩៣ភាគរយ ដោយដំណើរការសាងសង់លឿនជាងផែនការ និងរំពឹងថា អាចនឹងចប់រួចរាល់ជាស្ថាពរនៅមុនខែកញ្ញា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និង ជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកបន្តថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំពុងចរចាជាមួយភាគីក្រុមហ៊ុនវិនិយោគផ្លូវនេះ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ អាចធ្វើ ការបើកបរសាកល្បងនៅលើផ្លូវនេះ សំដៅឱ្យបានយល់ដឹងពីស្ថានភាពផ្លូវជាមុនសិន មុននឹងឈានទៅដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយ ការបង់ប្រាក់។ លោកបញ្ជាក់ថា បើសិនជាការចរចាទទួលបានការឯកភាពពីភាគីវិនិយោគចិន គឺផ្លូវនេះ នឹងអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋ បើកបរសាកល្បងបាននៅចុងឆ្នាំ២០២២ ពោលគឺនៅពេលសំណង់ផ្លូវថ្នល់នេះរួចរាល់ជាស្ថាពរ។

តាមរបាយការណ៍របស់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានឱ្យដឹងថា ការស្ថាបនាផ្លូវនេះ បាននិងកំពុងក្រាល ស្រទាប់កៅស៊ូជាន់លើគេបង្អស់ហើយ ដោយការក្រាលដល់ស្រទាប់នេះហាក់ដូចជាផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុ ជិតសាងសង់រួច ចេញជារូបរាង។

តាមផែនការ ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ នឹងចប់រួចរាល់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីបើកការដ្ឋានសាងសង់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិនពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ប្រមាណ២.០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន ប្រមាណ១៥០លានដុល្លារ។

គម្រោងផ្លូវល្បឿនលឿននៅកម្ពុជាលើកដំបូងនេះ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ ចាប់ពីក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ ដោយមានទទឹងតួផ្លូវ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ(AC)កម្រាស់ ១០សង់ទីម៉ែត្រ ចំណែកគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរ ក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង៕

មតិយោបល់